ខេត្តសៀមរាប: នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តោ គឹមស៊ាន លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី១០ ឆ្នាំ២០២៦ក្រោមប្រធាបទ “គ្រប់សាសនានៅកម្ពុជារួមគ្នាបង្ការទប់ស្កាត់អំពើជួញដូរមនុស្សនិងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា” ដោយមានការអញ្ជើញចូលរួម ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ និងព្រះថេរានុត្ថេរៈ សាសនិកសាសនាឥស្លាម និងថ្នាក់ដឹកនាំ និងសាវៈនៃសាសនាគ្រឹស្ត លោក អាំង សុភា អនុប្រធានសាលាដំបូង និងលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័ន គណៈអភិបាលក្រុង ស្រុក ប្រធាន គ.ក.ស.ក ក្រុង ស្រុក ។
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ទិវាជាតិអន្តរសាសនា ២០ សីហា ឆ្នាំ២០២៦នេះ គឺជាការបង្ហាញនូវឆន្ទៈរួមគ្នារវាងវិស័យអាណាចក្រ និងវិស័យសាសនា ដោយភាពជឿជាក់ទៅលើព្រះធម៌ ដែលបានទូន្មានប្រៀនប្រដៅ ឱ្យមនុស្សចេះរស់នៅជាមួយគ្នាដោយសុខសាន្ត ធ្វើនូវអំពើល្អរវាងគ្នា មិនឈ្នានិះព្យាបាទគ្នា ផ្តល់មេត្តា ករុណាដល់គ្នា និងគ្នាជួយដល់អ្នកដែលជួបការលំបាក។ ព្រះធម៌ទាំងអស់នេះ ជាទ្រឹស្តីទស្សនវិជ្ជាដ៏ត្រឹមត្រូវសម្រាប់ធ្វើឱ្យមនុស្សលើពិភពលោក មានសេចក្តីសុខ។ ការអប់រំផ្លូវចិត្ត បញ្ញា ស្មារតី តាមបែបសាសនា គឺពិតជាមានប្រសិទ្ធភាពខ្ពស់ ក្នុងការធ្វើឱ្យមនុស្សបាន យល់ដឹងអំពីគុណ និងទោស បុណ្យ និងបាប កុសល និងអកុសលអ្វីដែលគួរប្រព្រឹត្ត និងអ្វីដែលមិនគួរប្រព្រឹត្ត បង្កើនការព្យាយាមប្រព្រឹត្តខ្លួនឱ្យល្អ ក្នុងជីវិតដែលមានសេចក្តីសុខជាប្រក្រតី គឺការរស់នៅប្រកបដោយសីលធម៌ សេចក្តីថ្លៃថ្នូរចេះគោរពឱ្យតម្លៃគ្នា មិនតាំងចេតនាបំផ្លាញគ្នា មានការយកចិត្តទុកដាក់ ដឹងសុខ ដឹងទុក្ខជាមួយគ្នា ចេះជួយយកអាសារគ្នា។
ក្នុងឱកាសនោះ លោកស្រីអភិបាលរងខេត្ត ក៏បានអំពាវនាវ និងសំណូមពរ នូវចំណុចមួយចំនួន ៖
១-សូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំគ្រប់និកាយសាសនានៅកម្ពុជា រួមគ្នាបង្កើនការអប់រំ លើកកម្ពស់សីលធម៌រស់នៅតាមគន្លងនៃសាសនា ដែលប្រកបដោយសីលធម៌ និងគុណធម៌ ដើម្បីកសាងនូវសង្គមមួយដែលមានសុវត្ថិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត សម្រាប់មនុស្សគ្រប់រូប។
២-សូមលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សហការជាមួយ មន្ទីរធម្មការ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរព័ត៌មាន មន្ទីរអង្គភាពពាក់ព័ន្ធដទៃទៀត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឃុំ សង្កាត់ និងអង្គការដៃគូ រៀបចំផែនការអប់រំផ្សព្វផ្សាយ អំពីគុណតម្លៃនៃការលើកកម្ពស់សីលធម៌ក្នុងការរស់នៅ និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងបទល្មើសគ្រប់ប្រភេទ។
៣-បញ្ជ្រាបចូលក្នុងកម្មវិធីវេទិកាសាធារណៈ សម្រាប់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព អំពីរបៀបរបបរស់នៅដែលមានការយោគយល់អធ្យាស្រ័យ ការចែករំលែក ការជួយទុក្ខធុរៈគ្នា និងការពង្រឹងស្មារតី កុំឱ្យចាញ់បោកជនល្មើស និងធ្លាក់ខ្លួនជាជនល្មើស និងជាជនរងគ្រោះ ដោយបទល្មើសផ្សេងៗ ជាពិសេស អំពើ ឆបោក និងអំពើជួញដូរមនុស្ស។
៤-សូមអំពាវនាវ ដល់គណៈបញ្ជាការឯកភាព ក៏ដូចជា សមាជិកគណៈកម្មាធិការខេត្ត ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ប្រយុទ្ធក្ប្រឆាំងអំពើជួញដូរមនុស្ស ពង្រឹងឡើងវិញនូវក្រមសីលធម៌វិជ្ជាជីវៈក្នុងតួនាទីជាមន្ត្រីរាជការ។ចំពោះឥរិយាបទក្នុងការ បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ធ្វើខ្លួនជាមន្ត្រីដែលគួរគោរព និងជឿទុកចិត្ត និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យ បានត្រឹមត្រូវ ដើម្បីបង្កើនការចូលរួមពីប្រជាពលរដ្ឋ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងសង្គម។

