ខេត្តសៀមរាប: នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារ JICA ព្រមទាំងអង្គភាពពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំងអនុវត្តគម្រោងសាកល្បងនៅមាត់ស្ទឹងសៀមរាប ដើម្បីផ្ទៀងផ្ទាត់លម្អិតអំពីការរៀបចំទីតាំងនេះនៅមុនពិធីបុណ្យអុំទូកនាពេលខាងមុខនេះ។
គម្រោងនេះមានបំណងបង្កើនភាពទាក់ទាញនៅតាមដងស្ទឹង ដែលជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ដើរកម្សាន្តបន្ថែមតាមដងស្ទឹង ដោយធ្វើឱ្យតំបន់នេះមានភាពបៃតង និងមានការតុបតែងសួន ដាំរុក្ខជាតិបន្ថែម មានប្រព័ន្ធភ្លើងលម្អ មានផ្ទាំងបង្ហាញឌីជីថលសម្រាប់ផ្ដល់ពត៌មានផ្សេងៗ មានទីតាំងសម្រាប់ថតរូបលេងកម្សាន្ត និងទីតាំងអង្គុយលេងផងដែរ។
នៅក្នុងពេលនេះ រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារ JICA កំពុងពិនិត្យ និងរចនាតំបន់នេះ ដែលលាតសន្ធឹងពីគល់ស្ពានព្រះរាជដំណាក់ ទៅផ្នែកខាងត្បូងប្រវែងមួយរយម៉ែត្រ (១០០ ម)។ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ តំណាងសង្កាត់សាលាកម្រើក ព្រមទាំងរដ្ឋាករទឹកស្វ័យត្ន និងអគ្គីសនីកម្ពុជា ក៏បានចូលរួមចុះពិនិត្យមើលការរចនាលម្អិតនេះផងដែរ។ ក្រុមការងារគម្រោង នឹងពិភាក្សាសម្រេចអំពីចំណុចលម្អិតបន្ថែមទៀតជាមួយរដ្ឋបាលខេត្តសៀមរាប នាពេលឆាប់ៗខាងមុខនេះ។

