(ភ្នំពេញ) :បន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមថាមានករណីហិង្សាបង្កឡើងដោយជនសង្ស័យ ០២ក្រុម ប្រដាប់ដោយ ប្រើ ដុំថ្ម បានធ្វើសកម្មភាព វាយ-គប់គ្នាទៅវិញទៅមក កាលពីវេលាម៉ោង ២១និង២០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅចំណុច ផ្លូវ៤៩CC ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានទទួលព័ត៌មានកម្លាំងការិយាល័យជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតនៅវេលាម៉ោងប្រមាណ ១១ និង៣៧នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរភាគី ចំនួន០២នាក់ គឺ ឈ្មោះ ឈិន ចាន់សុភ័ណ្ឌ ភេទប្រុស អាយុ៤២ឆ្នាំ និង ឈ្មោះ ទួន ភក្ដី ភេទប្រុស អាយុ២០ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាមានពាក់ព័ន្ធក្នុងអំពើហិង្សាដូចការរៀបរាប់ខាងលើ ប្រាកដមែន។
ជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕

