កូនត្រីចម្រុះជាង ១៧០គីឡូក្រាម បានចាក់ចូលបឹងធម្មជាតិវិញ ក្នុងរណីចុះបង្ក្រាបបទល្មើសនេសាទ ៥ទីតាំង នៅក្នុងភូមិសាស្ត្រស្រុកកងមាស!

(កំពង់ចាម) :កូនត្រីចម្រុះជាង ១៧០គីឡូក្រាម បានចាក់ចូលបឹងធម្មជាតិវិញ ក្នុងរណីចុះបង្ក្រាបបទល្មើសនេសាទ ៥ទីតាំង នៅក្នុងភូមិសាស្ត្រស្រុកកងមា។

មន្ត្រីជលផល បានចាក់កូនត្រីចម្រុះ ១៧៥គីឡូក្រាម ចូលបឹងធម្មជាតិវិញ នាពេលចុះបង្ក្រាបបទល្មើសនេសាទ ៥ករណី រួមជាមួយនឹងការរុះរើ និងបំផ្លាញចោលនូវឧបករណ៍ល្មើស ជាច្រើនទៀត
នៅក្នុងទីតាំង ៥កន្លែង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ ។

បើតាម លោក លី ស្រី នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បញ្ជាក់ថា ខណ្ឌរដ្ឋបាលជលផល បានសហការជាមួយនាយកដ្ឋានអធិការកិច្ចជលផល អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ គម្រោងអច្ឆរិយៈភាពនៃទន្លមេគង្គ អាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ អមដំណើរ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ៥ករណី ដោយរុះរើបំផ្លាញ ចោលនូវឧបករណ៍ខុសច្បាប់ រួមមាន៖

ករណីទី១ នៅចំណុចអ្នកតាប៉ោត ឃុំរាយប៉ាយ មានឧបករណ៍ស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៨១០ម៉ែត្រ បង្គោលចម្រឹង ១៧៥ដើម ចាក់លែងកូនត្រី ៥៤គីឡូក្រាម ។
ករណីទី២ នៅចំណុចបឹងឈ្នាង ឃុំរាយប៉ាយ មានឧបករណ៍ស្បៃមុងចំនួន ១០មាត់ របាំងស្បៃមុងប្រវែង ៦៧៥ម៉ែត្របង្គោលចម្រឹង ១៤៥ដើម ចាក់លែងកូនត្រី ៤៦គីឡូក្រាម។ ករណីទី៣ នៅចំណុចបឹងដំរីឆ្លង ឃុំរាយប៉ាយ មានឧបករណ៍ស្បៃមុងចំនួន ៨មាត់ របាំងស្បៃមុងប្រវែង ៥៤៥ម៉ែត្របង្គោលចម្រឹង ១២០ដើម និងចាក់លែងកូនត្រី ៣៧គីឡូក្រាម ។
ករណីទី៤ នៅចំណុចចុងព្រែកខ្លាក្រទៀម ឃុំរាយប៉ាយ មានឧបករណ៍ស្បៃមុងចំនួន ៧មាត់ របាំងស្បៃមុងប្រវែង ៤៧០ម៉ែត្រ បង្គោលចម្រឹង ៩៥ដើម ចាក់លែងកូនត្រី ៣៥គីឡូក្រាម ។ និងករណីទី៥ នៅចំណុចចុងព្រែកខ្លាក្រទៀម ឃុំព្រែកកុយ មានឧបករណ៍រ៉ាវចំនួន ៤មាត់ របាំងរ៉ាវ ប្រវែង ៥៥០ម៉ែត្រ បង្គោលចម្រឹងចំនួន ១៨៥ដើម និងចាក់លែងត្រីចម្រុះទម្ងន់ ៣គីឡូក្រាម ផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *