បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៣,៧០៤បណ្ណជូនប្រជាពលរដ្ឋ១, ៧៧៩គ្រួសារមកពី៦ភូមិ ក្នុងឃុំអណ្ដើកហែប និងឃុំត្រែង ស្រុករតនមណ្ឌលដែលពិធីនេះធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅសាលាស្រុករតនមណ្ឌល។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់លើការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋ។
ឯកឧត្តម សុខ លូ ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិសូមថែរក្សាបណ្ណឱ្យបានល្អ និងមិនត្រូវលក់ដីឬដាក់បញ្ចាំនោះទេ គួររក្សាទុកចែកតកូនតចៅ។ ឯកឧត្តម ក្រើនរំឭកដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហាមដុតសំរាមបង្កការបំពុលបរិស្ថាន ចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ហើយអាជ្ញាធរត្រូវអប់រំនៅតាមវត្តអារាមឱ្យកាត់បន្ថយការប្រើគ្រឿងរំពងសំឡេងឮខ្លាំងបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម លើកទឹកចិត្តដល់ប្រជាពលរដ្ឋត្រូវជំរុញកូនឱ្យចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ ដើម្បីមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ងាយស្រួលរកការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ។
ឯកឧត្តម ណែនាំអាជ្ញាធរស្រុក ឃុំ ត្រូវបន្តដាំដើមឈើនៅតាមទីប្រជុំ រំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋបើកផ្លូវឱ្យបានទូលាយសម្រាប់កូនចៅជំនាន់ក្រោយ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋ បង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីដ៏មានតម្លៃសម្រាប់ប្រើប្រាស់ជាប្រយោជន៍ និងចែកតកូនតចៅ៕

