លោកស្រី កឹម មនោវិទ្យា ជួប សម្តេចធិបតី ហ៊ុន ម៉ាណែត «អ្នកនយោបាយជំនាន់ថ្មី» បើកទំព័រកិច្ចសហការថ្មី ដើម្បីផលប្រយោជន៍ជាតិ

ភ្នំពេញ: ព្រឹត្តិការណ៍នយោបាយដ៏គួរឱ្យចាប់អារម្មណ៍មួយ ក្នុងរបត់នយោបាយផ្ទៃក្នុងកម្ពុជា គឺនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ លោកស្រី កឹម មនោវិទ្យា កូនស្រីរបស់ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងមួយរូបនៅកម្ពុជា បានជួបពិភាក្សាជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នេះបើយោងតាមការបង្ហោះផ្សាយលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចធិបតី។

អ្វីដែលកំពុងទាក់ទាញការចាប់អារម្មណ៍ គឺសម្តេចធិបតី បានលើកឡើងថា ក្នុងនាមជា «អ្នកនយោបាយជំនាន់ថ្មីដូចគ្នា» ភាគីទាំងពីរ មានកិច្ចការមួយចំនួនដែលអាចរួមសហការគ្នា ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិ ជាពិសេសការងារនៅលើឆាកអន្តរជាតិ។
ជំនួបនេះកើតឡើងក្នុងបរិបទដែលលោក កឹម សុខា ឪពុករបស់លោកស្រី កឹម មនោវិទ្យា ទើបត្រូវបានលើកលែងទោស និងមានការបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនបន្ថែមទៀតនៅឆ្នាំ២០២៦នេះ។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺការបញ្ជាក់របស់សម្តេចធិបតីថា កិច្ចសហការអាចផ្តោតលើ ការអភិវឌ្ឍ និងការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា ជាពិសេសនៅលើឆាកអន្តរជាតិ។ នេះអាចជាសញ្ញាថ្មីមួយនៃការផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ លើសពីភាពខុសគ្នាផ្នែកនយោបាយ ដែលនឹងនាំមកនូវកំលាំងសាមគ្គីផ្ទៃក្នុងកម្ពុជា កាន់តែរឹងមាំថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *