(កំពង់ចាម) គណៈប្រតិភូនៃរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។
លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ត្រូវជាស្វាមីរបស់លោកស្រី ឈុន ដាឡែន បានពលីជីវិតនៅថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៣០នាទី បន្ទាប់ពីរងរបួសក្នុងឧបទ្ទវហេតុពេលបំពេញភារកិច្ចបង្ក្រាបករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ពិតជាមានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹងអំពីមរណភាពរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលបានពលីជីវិតក្នុងពេលបំពេញភារកិច្ច។
ការបាត់បង់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត គឺជាការបាត់បង់នូវឧត្តមស្វាមី និងជាឪពុកជាទីគោរពស្រឡាញ់បំផុត ដែលបានបីបាច់ថែរក្សា និងទំនុកបម្រុងបុត្រធីតា ប្រកបដោយការទទួលខុសត្រូវ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។ ជាពិសេស វាជាការបាត់បង់មន្ត្រីនគរបាលដ៏អង់អាចក្លាហានមួយរូប ដែលជានិច្ចកាលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងជាមន្ត្រីនគរបាលជាតិដ៏គំរូមួយរូប ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការងារ។
សកម្មភាព និងការលះបង់ទាំងឡាយរបស់លោក គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម ដែលទទួលបានការគោរព កោតសរសើរ និងស្ញប់ស្ញែងពីថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ផងដែរ៕

