រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

(កំពង់ចាម): នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ម៉ឹង សូដាឬទ្ធិ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) នាសម័យប្រលង ១០-សីហា សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងអប់រំយុវជន និងកីឡា ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ គណៈកម្មការខេត្ត ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ខេត្តកំពង់ចាម បានត្រៀមខ្លួនរួចរាល់ជាស្រេច លើកិច្ចការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) ឲ្យប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយខ្ពស់។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ដើម្បីធានាឱ្យដំណើរការប្រឡងប្រកបដោយតម្លាភាព និងយុត្តិធម៌តាមគោលការណ៍ «អ្នកចេះ គឺជាប់» រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការដាក់ពង្រាយកម្លាំងការពារសន្តិសុខ សម្រួលចរាចរណ៍នៅជុំវិញមណ្ឌលប្រឡង និងរៀបចំក្រុមគ្រូពេទ្យប្រចាំការ ដើម្បីជួយសង្គ្រោះបឋម និងសម្រួលដល់ការធ្វើដំណើររបស់បេក្ខជនទាំងអស់ឱ្យប្រកបដោយសុវត្ថិភាព និងភាពស្ងប់ស្ងាត់ល្អប្រសើរក្នុងអំឡុងពេលប្រឡង។

គួរបញ្ជាក់ថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ខេត្តកំពង់ចាម មានបេក្ខជន សរុបចំនួន ៩.៥៧៥នាក់ ស្រី ៥.៦៨៣នាក់ និងមានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *