(កំពង់ចាម) នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា មិន ស៊ីហ៊ាប ត្រូវជាម្តាយបង្កើតរបស់លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ស្ថិតនៅគេហដ្ឋាន ភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មានសេចក្តីតក់ស្លុត និងរំជួលចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា មហាឧបាសិកា មិន សីហាប ត្រូវជាម្តាយបង្កើតរបស់លោកវជ្ជបណ្ឌិត បានទទួលមរណភាពនៅថ្ងៃអង្គារ ០៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៧:៤៥នាទីព្រឹក ក្នុងជន្មាយុ ៧៧ ឆ្នាំ ដោយជរាពាធ ។
ក្នុងវេលាប្រកបដោយសមានទុក្ខនេះ ឯកឧត្តម អភិបាលខេត្ត និងប្រតិភូ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសាររបស់លោកវេជ្ជបណ្ឌិតបណ្ឌិត ចំពោះការបាត់បង់ មហាឧបាសិកា មិន សីហាប ដែលត្រូវ ជាម្ដាយបង្កើត ម្តាយក្មេក និងជីដូនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយគុណធម៌ សង្គហធម៌ ព្រហ្មវិហារធម៌ល្អប្រពៃរបស់កូនៗ ចៅៗ ចៅទួត ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិក មួយរូប ដែលតែងតែមានសទ្ធាជ្រះថ្លាក្រៃលែងក្នុងការលើកស្ទួយព្រះពុទ្ធសាសនានៅកម្ពុជា។
ឯកឧត្តម អភិបាលខេត្ត និងប្រតិភូ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា មិន ស៊ីហាប បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

