(ពោធិ៍សាត់)៖ ឯកឧត្តម ជិត ប៉ុណ្ណារ៉ា ប្រធានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត និងលោកជំទាវ យូ ស្រីលាភ ទីប្រឹក្សាក្រសួងមហាផ្ទៃ ព្រមទាំងក្រុមគ្រួសារ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសពមន្ត្រីនគរបាល និងប្រជាការពារ ដែលបានពលី និងរងរបួស ក្នុងឧបទ្ទវហេតុបំផ្ទុះគ្រាប់បែក ដែលបង្កឡើងដោយជនសង្ស័យប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង។
ដើម្បីជាការចែករំលែក និងជួយសម្រាលបន្ទុកទុក្ខលំបាក ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានចាត់ចែងឧបត្ថម្ភថវិកា តាមរយៈឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជូនដល់គ្រួសារសពទាំង៥ ដោយក្នុងមួយសព ទទួលបានថវិកា៥លានរៀល និងប្រជាការពាររងរបួសធ្ងន់ម្នាក់ ទទួលបានថវិកា២លានរៀល ដែលសរុបជាថវិកា ស្មើនឹង២៧លានរៀល។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចកាលតែងតែបង្ហាញទឹកចិត្តសប្បុរសធម៌ ជួយយកចិត្តទុកដាក់ និងចុះជួយឧបត្ថម្ភដល់សង្គម ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្នុងពេលជួបការលំបាក។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា មិនត្រឹមតែទឹកចិត្តសប្បុរសធម៌នាពេលនេះ, ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ក៏តែងតែបំពេញបេសកកម្មមនុស្សធម៌ជាច្រើនផ្សេងទៀតយ៉ាងសកម្ម ដូចជាការចុះពិនិត្យ ព្យាបាល និងវះកាត់ភ្នែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ព្រមទាំងការចុះជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ជនភៀសសឹក និងវីរកងទ័ពជួរមុខ ក្នុងសម័យសង្គ្រាមថៃឈ្លានពានផងដែរ។
ជួសមុខឱ្យក្រុមគ្រួសារជនរងគ្រោះទាំងអស់ ឯកឧត្តម ខូយ រីដា សូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបានសេចក្ដីសុខសេចក្តីចម្រើន ជោគជ័យគ្រប់កិច្ចការងារ និងសូមទទួលបានសុខភាពល្អបរិបូរណ៍ ជានិច្ចនិរន្តរ៍។
ទន្ទឹមនឹងនេះ អំណោយសប្បុរសធម៌ខាងលើ នឹងត្រូវបានលោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត នាំយកទៅប្រគល់ជូនដល់ដៃក្រុមគ្រួសារសព នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ។
គួរជម្រាបជូនថា ករណីបំផ្ទុះគ្រាប់បែក ដែលបង្កឡើងដោយជនសង្ស័យប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើងនាវេលាម៉ោង៥ល្ងាច កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចអូរបាយក្រៀម ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
មូលហេតុកើតឡើង បន្ទាប់ពីប្រពន្ធជនសង្ស័យបានដាក់ពាក្យប្ដឹងមកលោកមេប៉ុស្តិ៍អូរសោម ករណីប្ដីឈ្មោះ អែម ដុំ បានប្រើអំពើហិង្សាវាយដំមកលើខ្លួន។ ភ្លាមនោះ លោកអនុសេនីយ៍ឯក សោម រ៉ា នាយប៉ុស្តិ៍ បានដឹកនាំកម្លាំងនគរបាល និងប្រជាការពារ សរុបចំនួន៧នាក់ ចុះអន្តរាគមន៍។ ពេលសមត្ថកិច្ចចូលឃាត់ខ្លួន ជនសង្ស័យបានគំរាមកំហែង និងបានសម្រេចចិត្តប្រលែងគ្រាប់បែកបោកបំផ្ទុះខ្លួនឯង បណ្តាលឱ្យបាត់បង់ជីវិតមនុស្សសរុប៦នាក់ (រួមទាំងជនសង្ស័យ) និងរបួសធ្ងន់១នាក់។
ជនរងគ្រោះ និងជនសង្ស័យ ក្នុងហេតុការណ៍នោះ រួមមាន៖ទី១-លោកអនុសេនីយ៍ឯក សោម រ៉ា (នាយប៉ុស្តិ៍) – ពលី
ទី២-លោកអនុសេនីយ៍ត្រី សូ សុវណ្ណារិទ្ធ (មន្ត្រីប៉ុស្តិ៍) – ពលីទី៣-លោក ជន ប្រិម (ប្រជាការពារ) – ពលី
ទី៤-លោក សុខ អាន (ប្រជាការពារ) – ពលី
ទី៥-លោក ចិន្តា (ប្រជាការពារ) – ពលី
ទី៦-ឈ្មោះ អែម ដុំ (ជនសង្ស័យ) – ស្លាប់
ទី៧-លោក វ៉ី វឿន (ប្រជាការពារ) – រងរបួសធ្ងន់៕
Ti Amo (ពស)

