ខេត្តព្រៃវែង: បទយកការណ៍៖ លោក សាន វិសាល គឺជាកសិករម្នាក់ដែលបានប្រកបរបរចិញ្ចឹមកង្កែបអស់រយៈពេល ៥ឆ្នាំ មកហើយ។ លោកមានទីតាំងរស់នៅភូមិ 8 សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ តាមរយៈការខិតខំប្រឹងប្រែង និងបទពិសោធន៍ដែលបានសន្សំ លោកអាចអភិវឌ្ឍមុខរបរនេះឱ្យកាន់តែរីកចម្រើន និងជួយលើកកម្ពស់ជីវភាពគ្រួសារបានយ៉ាងល្អប្រសើរ។
បច្ចុប្បន្ន លោកមានអាងចិញ្ចឹមកង្កែបចំនួន ៥ ទៅ ៦ តង់ ដែលមានកង្កែបសរុបប្រមាណ ៤,០០០ ដល់ ៥,០០០ ក្បាល។ កង្កែបត្រូវការរយៈពេលប្រមាណ ៤ ខែ ក្នុងមួយវដ្តចិញ្ចឹម ទើបអាចប្រមូលផលយកទៅលក់បាន។
ដើម្បីឱ្យកង្កែបមានសុខភាពល្អ និងលូតលាស់បានល្អ លោកតែងតែយកចិត្តទុកដាក់សម្អាតអាងចិញ្ចឹមជាប្រចាំ ដើម្បីកាត់បន្ថយមេរោគ និងការកើតជំងឺផ្សេងៗ។ ក្នុងករណីកង្កែបមានអាការៈហើមពោះ ឬសភ្នែក លោកតែងប្រើថ្នាំព្យាបាលដែលទិញពីពេទ្យសត្វ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺ។
នៅពេលចាប់ផ្តើម លោកបានវិនិយោគទិញកូនកង្កែបដំបូងប្រមាណ ៣៥០ ក្បាល ប៉ុណ្ណោះ។ ប៉ុន្តែដោយសារការខិតខំប្រឹងប្រែង និងការគ្រប់គ្រងបានល្អ មកដល់សព្វថ្ងៃ ការចិញ្ចឹមកង្កែបបានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារ។
ក្រោយពេលប្រមូលផល កង្កែបត្រូវបានដឹកយកទៅលក់ឱ្យម៉ូយតាមភូមិ និងផ្គត់ផ្គង់ទៅកាន់ហាងនានា ដែលធ្វើឱ្យមានទីផ្សារលក់ជាប្រចាំ និងអាចរកចំណូលបានយ៉ាងស្ថិរភាព។ ជារួម ការចិញ្ចឹមកង្កែបរបស់លោក សាន វិសាល បានបង្ហាញឱ្យឃើញថា ជាមុខរបរមួយដែលអាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារបានយ៉ាងមានប្រសិទ្ធភាព។

