យុទ្ធនាការ «បរិស្ថានស្អាត និងអនាម័យល្អ» ត្រូវបានរៀបចំឡើងនៅក្នុងស្រុកស៊ីធរកណ្ដាល ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងអនាម័យសហគមន៍

ខេត្តព្រៃវែង៖ នៅថ្ងៃអង្គារទី៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទខេត្ត (PWGs) និងក្រុមការងារថ្នាក់ស្រុក (DWGs) ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលឃុំល្វេ បានរួមគ្នារៀបចំយុទ្ធនាការ «បរិស្ថានស្អាត និងអនាម័យល្អ» នៅភូមិព្រែកចង្ក្រានលើ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

​ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ភី បូរ៉ា អភិបាលរងនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសំខាន់ៗ រួមមាន៖ ​លោក ម៉ៅ ឈុនហ៊ាង ប្រធានការិយាល័យថែទាំសុខភាពជនបទ ​លោកស្រី យ៉ុន ផល្លា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ ​លោក ឆិល សុភាព មន្ត្រីការិយាល័យផ្គត់ផ្គង់ទឹកជនបទ ​លោក ហ៊ល ឡងឌី អនុប្រធានការិយាល័យថែទាំសុខភាពជនបទ។

​កម្មវិធីនេះទទួលបានការចាប់អារម្មណ៍ និងចូលរួមយ៉ាងកុះករពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ សរុបចំនួន ១៤៣ នាក់ (ស្រី ៨៨ នាក់)។

​យុទ្ធនាការនេះរៀបចំឡើងក្នុងគោលដៅជម្រុញ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមសម្អាតអនាម័យបរិស្ថាន ព្រមទាំងប្រតិបត្តិការប្រើប្រាស់ ការទុកដាក់ ការប្រើប្រាស់ឡើងវិញ និងការញែកសំរាមឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព។ បន្ថែមពីនេះ យុទ្ធនាការក៏ផ្តោតលើគោលបំណងសំខាន់ៗមួយចំនួនទៀតដូចជា៖ កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺផ្សេងៗដែលបណ្ដាលមកពីបរិស្ថានមិនស្អាត។ បង្កើតបរិយាកាសរស់នៅឱ្យមានភាពស្អាត ស្រស់បំព្រង និងមានសុវត្ថិភាព។ ការពារដី ទឹក និងខ្យល់ តាមរយៈការគ្រប់គ្រងសំណល់ និងទឹកសំណល់ឱ្យបានត្រឹមត្រូវ។ លើកកម្ពស់ការយល់ដឹង និងជម្រុញស្មារតីម្ចាស់ការរបស់ប្រជាពលរដ្ឋក្នុងការចូលរួមថែរក្សាអនាម័យ។បង្កើតបរិយាកាសរស់នៅដែលមានផាសុកភាព និងសុខដុមនីយកម្មក្នុងសហគមន៍។ រក្សាតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការការពារបរិស្ថាន។

​តាមរយៈយុទ្ធនាការនេះ អាជ្ញាធរ និងក្រុមការងារពាក់ព័ន្ធរំពឹងថានឹងផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យកាន់តែយកចិត្តទុកដាក់លើអនាម័យផ្ទាល់ខ្លួន និងបរិស្ថានជុំវិញខ្លួន ដើម្បីប្រែប្រួលភូមិឃុំឱ្យក្លាយជាកន្លែងរស់នៅប្រកបដោយសុខសុវត្ថិភាព និងផាសុកភាពវែងឆ្ងាយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *