ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោក ចាន់ ដេត សមាជិកក្រុមប្រឹក្សាខេត្តតំណាងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ) ជូនដល់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ពិធីនេះក៏មានការអមដំណើរ និងចូលរួមពី ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលស្រុកកំចាយមារ និងមន្ត្រីរាជការនៃអង្គភាពជុំវិញស្រុកផងដែរ។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង បំពេញភារកិច្ចយ៉ាងសកម្មរបស់មន្ត្រីសុរិយោដីគ្រប់ជាន់ថ្នាក់ នាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមបានធ្វើការជំរុញ និងលើកទឹកចិត្តដល់មន្ត្រីជំនាញទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការផ្លាស់ប្តូរនិងបង្កើនប្រសិទ្ធភាពការងារ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។
ជាចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ព្រមទាំងគណៈអធិបតី ក៏បានអញ្ជើញប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជានិមិត្តរូប ជូនដល់តំណាងប្រជាពលរដ្ឋ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយជាក្រៃលែង៕

