ព្រៃវែង៖ នៅរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ ព្រះមេគណខេត្តព្រៃវែង បានដឹកនាំគណៈសង្ឃ នាំយកសម្ភារៈប្រើប្រាស់ និងបច្ច័យ ផ្តល់ជូនដល់រដ្ឋបាលខេត្តព្រៃវែង ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្តផ្តល់ជូនដល់វីរកងទ័ពដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅសមរភូមិមុខ ដើម្បីរួមចំណែកជួយសម្រាលការលំបាក និងជាការលើកទឹកចិត្តដល់កងទ័ពជួរមុខ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានសម្ដែងនូវសេចក្តីអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមេគណ ព្រះមន្ត្រីសង្ឃ ទាំងអស់ដែលបានចូលរួមចំណែកជាសម្ភារៈនិងថវិកាជាមួយរដ្ឋបាលខេត្តដើម្បីដល់ជូនដល់វីរៈកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅក្នុងសមរភូមិមុខ។
ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តទៀតថាទាំងអស់នេះគឺជាកាយវិការមួយដ៏ល្អបំផុតសម្រាប់សមរភូមិក្រោយដែលជាអ្នកជួយទំនុកបម្រុងផ្ចុងផ្តើមតាមលទ្ធភាពដែលអាចធ្វើទៅបានធ្វើយ៉ាងណាដើម្បីលើកទឹកចិត្តដល់វីរៈកងទ័ពរបស់យើងដែលកំពុងតែការពារនៅបូរណភាពទឹកដី ដែលយកជីវិតទៅប្ដូរលះបង់ប្រពន្ធកូនផ្ទះសម្បែងដើម្បីការពារទឹកដី។
មានសង្ឃដីកាក្នុងឱកាសនោះ ព្រះមេគណខេត្តព្រៃវែង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្មដ៏ធំធេងរបស់វីរកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងអាយុជីវិត ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសុខសន្តិភាពជូនជាតិមាតុភូមិ៕

