(ភ្នំពេញ) :នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់បណ្ណដីធ្លីជាង ២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់យ៉ាងច្បាស់ៗថា បញ្ហាជម្លោះព្រំដែន មិនបានធ្វើឱ្យត្រកូលហ៊ុន និងគណបក្សប្រជាជនកម្ពុជាដួលរលំនោះទេ គឺមានតែធ្វើឱ្យប្រជាជនមានជាតិនិយមបន្ថែម។
ការថ្លែងបែបនេះរបស់សម្តេចធិបតី គឺជាការឆ្លើយតបយ៉ាងដាច់អហង្ការទៅកាន់ក្រុមអ្នករិះគន់ និងអគតិមួយចំនួន ដោយសម្តេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវស្មារតីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិជាធំ ហើយរាល់ការប៉ះពាល់ដល់រឿងព្រំដែន មិនត្រឹមតែមិនអាចបំបែកបំបាក់ស្មារតីប្រជាជាតិបានឡើយ ប៉ុន្តែថែមទាំងបានដាស់ស្មារតីស្នេហាជាតិ និងភាពរួបរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរឱ្យកាន់តែរឹងមាំថែមទៀត៕

