ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន៖ អាជ្ញាធរមូលដ្ឋានត្រូវចូលរួម ទប់ស្កាត់ និងលុបបំបាត់ មិនឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងខេត្តព្រៃវែង

ព្រៃវែង៖ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ណែនាំដល់រដ្ឋបាលខេត្តព្រៃវែង ព្រមទាំងអាជ្ញាធរមូលដ្ឋានចូលរួម ទប់ស្កាត់ និងលុបបំបាត់ មិនឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងទឹកដីខេត្តព្រៃវែងនោះឡើយ ។

ការលើកឡើងបែបនេះគឺនៅក្នុងឱកាស ដែលឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបចេ្ចកវិទ្យា ONLINE SCAMS នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តព្រៃវែង។

ក្នុងនោះ លោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្ត បានឱ្យដឹងថា ខេត្តព្រៃវែង ជាខេត្តមានសក្តានុពលផ្នែកវិស័យកសិកម្ម ពុំសូវមានវិស័យឯកជនមកវិនិយោគលើវិស័យ អចលនទ្រព្យ អគារ ពាណិជ្ជកម្ម និងកាស៊ីណូ ទេ។ បច្ចុប្បន្ន ខេត្តមានច្រកទ្វារអន្តរជាតិចំនួន ០៣ គឺ ទី១ ច្រកទ្វារអន្តរ ជាតិម៉ឺនជ័យ ទី២ ច្រកទ្វារអន្តរ ជាតិបន្ទាយចក្រី និងទី៣ ច្រកទ្វារអន្តរជាតិកោះរកា ក្នុងនោះមានច្រកទ្វារអន្តរជាតិ ម៉ឺនជ័យ ដែលវិស័យឯកជនមកវិនិយោគលើ វិស័យអចលនទ្រព្យ អគារពាណិជ្ជកម្ម សួនកម្សាន្ត អគារស្នាក់នៅផ្សេងៗ និងចក្រទ្វារអន្តរជាតិចក្រីមានកាស៊ីណូ ។ ការអភិវឌ្ឍនៅ តាមបណ្តាស្រុកក៏ពុំសូវមានសំណង់ អគារ អាផាតមែនឡើយ ដែលអាចវាយតម្លៃថាពិបាកធ្វើសកម្មភាពលួចលាក់នឹងបង្កើតបទ ល្មើសតាមប្រព័ន្ធ ONLINE SCAM នេះណាស់។

លោក អភិបាលរង បន្តថា ខេត្តបានធ្វើការត្រួតពិនិត្យរដ្ឋបាលចំហរនៅលើដងផ្លូវ ដោយពិនិត្យយានយន្តដែលជនសង្ស័យដឹកជម្លៀសជន បរទេសពីទី តាំងមួយទៅទីតាំងមួយ សរុបចំនួន ២៣លើក បានរកឃើញ និងឃាត់ខ្លួនជនបរទេសដែលគ្មានឯកសារ គ្រប់គ្រាន់បានធ្វើនីតិវិធី បញ្ជូនទៅមណ្ឌលត្រៀមបណ្តេញចេញចំនួន ៥១៣នាក់ ស្រី ៨២នាក់ ស្មើនឹង ១៣សញ្ជាតិរួមមាន ៖ ជនជាតិចិន , ជនជាតិវៀតណាម , ជនជាតិនីហ្សេរីយា, ជនជាតិឥណ្ឌូ, ជនជាតិហ្វីលីពីន, ជនជាតិឥណ្ឌូនេស៊ី, ជនជាតិមីយ៉ាន់ម៉ា, ជនជាតិថៃ, ជនជាតិបង់ក្លាដេស, ជនជាតិនេប៉ាល់, ជនជាតិម៉ាឡេស៊ី, ជនជាតិស្រីលង្កា, និង ជនជាតិ ប៉ាគីស្ថាន បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន្តនៃក្រសួងមហាផ្ទៃដើម្បីត្រៀមបណ្តេញចេញ។

លោក អភិបាលរង បន្ថែមថា៖ អង្គភាពស្នងការនគរបាលខេត្ត បានផាកពិន័យតាមអនុក្រឹត្យលេខ ០៣ ចំនួន ៣ ទីតាំង សរុបទឹកប្រាក់ចំនួន ១៤៧,២០០,០០០ រៀល ក្នុងនោះផាកពិន័យតាមមាត្រា ១៩ ចំនួន ២៤នាក់ ពិន័យទឹកប្រាក់ ៩,៦០០,០០០ រៀល និងមាត្រាទី ២០ ចំនួន ៣៤ នាក់ ពិន័យទឹកប្រាក់ ១៣៦,០០០,០០០ រៀល និងពិន័យបង់ប្រាក់មានការយឺតយ៉ាវចំនួន ២% ស្មើនឹងទឹកប្រាក់ ១,៦០០,០០០ រៀល។

ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការយកចិត្តទុកដាក់ និងការចូលរួមសហការយ៉ាងសកម្មពីសំណាក់អាជ្ញាធរដែនសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការជំរុញការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចកលថ្មីៗនៃបទល្មើសឆបោកតាមប្រព័ន្ធអនឡាញផ្សេងៗ។

ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺជាបញ្ហាសកលនិងជាឧបសគ្គមួយដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត និងកិច្ចសហការអន្តរស្ថាប័នយ៉ាងជិតស្និទ្ធ។

ឯកឧត្តមសន្តិបណ្ឌិត បានជំរុញដល់អាជ្ញាធរដែនសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បង្កើនកិច្ចសហការគ្នាយ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។

បន្ថែមពីលើនេះ ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ បានក្រើនរំលឹកដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តជំរុញការផ្សព្វផ្សាយអប់រំ និងការយល់ដឹងដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគាត់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចកលថ្មីៗ និងវិធីសាស្ត្របោកប្រាស់តាមប្រព័ន្ធអនឡាញផ្សេងៗ កុំឱ្យធ្លាក់ជាជនរងគ្រោះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *