កម្ពុជា-ឥណ្ឌា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីសារសំខាន់នៃការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានក៏ដូចជាការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីជំនាញរវាងមជ្ឈមណ្ឌលសម្របសម្រួលបទល្មើសបច្ចេកវិទ្យានៃប្រទេសឥណ្ឌា (I4C) និង គ.ប.ឆ.ប.។

ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត ក៏បានជម្រាបជូនភាគីឥណ្ឌា អំពីគម្រោងដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែល នឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅរាជធានីភ្នំពេញ ព្រមទាំងបានស្នើឱ្យភាគីឥណ្ឌាផ្តល់ការគាំទ្រ និងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ។

ជាការឆ្លើយតប ឯកឧត្តម Vanlalvawna Bawitlung បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព្រមទាំងបាន កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងស្ថានភាពរបស់ជនរងគ្រោះពីអំពើឆបោកទាំងនេះ។

បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការគាំទ្រ យ៉ាងពេញទំហឹងចំពោះការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកម្ពុជានឹងធ្វើជា ម្ចាស់ផ្ទះនាពេលខាងមុខ។

មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅអំពីទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ជាពិសេសលើការផ្លាស់ប្តូរ-ចែករំលែកព័ត៌មានទាន់ពេលវេលា និងការជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីជំនាញ ក្នុងការ បង្ក្រាប និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *