សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទរបស់អ្នក ជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងសន្តិសុខថៃដែលវិភាគពីភាពរឹងមាំនៃការដឹកនាំរបស់កម្ពុជា

(ភ្នំពេញ) :នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះអត្ថបទមួយនៅលើបណ្តាញសង្គមដោយបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការវិភាគរបស់លោក Surachart Bamrungsuk ដែលជាអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងសន្តិសុខថៃដែលមានចំណងជើងថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជាកាន់តែរឹងមាំឡើងផងដែរ»។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារថា៖

ជាថ្មីម្តងទៀតថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជាកាន់តែរឹងមាំឡើងផងដែរ»

ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃបានជ្រាបនិងយល់ដឹងបន្ថែមដោយ ខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយបន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖

អត្ថបទលោក សុរ៉ាឆាត បំរុងស៊ុក (Surachart Bamrungsuk) អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ស្តីពី៖ «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជាកាន់តែរឹងមាំឡើងផងដែរ»

លើសពីនេះ ការពិតមួយដែលថៃប្រហែលជាត្រូវទទួល ស្គាល់គឺសង្គ្រាមបានធ្វើឱ្យរបបគ្រប់គ្រងរបស់អ៊ុយក្រែនកាន់តែរឹងមាំ។ ដូចគ្នានេះដែរ សង្គ្រាមបានធ្វើឲ្យរបបសាធារណរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ង់កាន់តែរឹងមាំ។ ដូច្នេះប្រហែលជាយើងត្រូវទទួលស្គាល់ថា សង្គ្រាមក៏បានធ្វើឲ្យរបបគ្រប់គ្រងរបស់កម្ពុជាកាន់តែរឹងមាំផងដែរ។
ន័យគឺ សង្គ្រាមតាមព្រំដែនបានក្លាយជាកត្តាមួយដែលមិនផ្តល់ផលប្រយោជន៍យុទ្ធសាស្ត្រដល់ប្រទេសថៃឬលទ្ធផលដែលកើតឡើងអាចផ្ទុយពីជំនឿរបស់ក្រុមអ្នកល្មោភសង្គ្រាមនៅថៃ ដែលជឿថា ការប្រើកម្លាំងយោធា ជាពិសេសការវាយប្រហារតាមអាកាសអាចនាំឲ្យរបប គ្រប់គ្រងនៅភ្នំពេញដួលរលំ។ មិនថាវាយតម្លៃយ៉ាងណា ក៏ដោយ ជំនឿបែបនេះមិនមែនជាការពិតទេ។

ទោះជាយ៉ាងណា ប្រសិនបើថៃមិនចង់ពឹងផ្អែកលើកត្តាយោធា នោះការទូតត្រូវតែរឹងមាំជាងនេះ។ ប៉ុន្តែបញ្ហាគឺ ការទូតរបស់ថៃសព្វថ្ងៃហាក់ដូចជាដើរតាមយុទ្ធសាស្ត្ររបស់កម្ពុជាឬក៏កំពុងលេងក្នុងល្បែងដែលកម្ពុជាបានកំណត់ដែរ។ បើប្រៀបធៀបការដើរតួនាទីលើឆាក អន្តរជាតិរវាងថៃនិងកម្ពុជា ថៃជាញឹកញាប់តែងតែដើរតាមក្រោយហើយស្ថិតក្នុងស្ថានភាពការពារខ្លួន នៅក្នុងសង្គ្រាមព័ត៌មានផងដែរ។

អ្វីដែលបានសរសេរខាងលើ មិនមែនមានបំណងនិយាយថា ភាគីកម្ពុជាពូកែជាងថៃនោះទេ។ ប៉ុន្តែមានបំណងបង្ហាញឲ្យសង្គមឃើញទស្សនៈមួយផ្សេងទៀតនៃបញ្ហា ហើយមិនចង់ឲ្យមានការគាំទ្រពេញទំហឹងចំពោះការប្រើកម្លាំងយោធាបែបជ្រុលនិយមពេកនោះទេ។ ព្រោះការធ្វើដូច្នេះ នឹងនាំឲ្យធ្លាក់ចូលក្នុងអន្ទាក់នៃការយល់ឃើញខាងយុទ្ធសាស្ត្រដែលមិនសមស្របនឹងការពិតហើយក៏មិនអាចផ្តល់ផលប្រយោជន៍យុទ្ធសាស្ត្រដូចដែលបានរំពឹងទុកនោះដែរ។ នៅទីបញ្ចប់ ប្រហែលជាដល់ពេលដែលត្រូវស្វែងរកដំណោះស្រាយពិតប្រាកដចំពោះបញ្ហាកម្ពុជា។

ហើយត្រូវទទួលស្គាល់ផងដែរថា កម្ពុជាសព្វថ្ងៃមានសមត្ថភាពក្នុងការដើរតួនាទីលើឆាកអន្តរជាតិខ្លាំងជាងអ្វីដែលយើងធ្លាប់គិត។ កម្ពុជាអាចបង្កើតឥទ្ធិពលតាមរយៈការផ្តួចផ្តើមគំនិតនិងបន្តបើកយុទ្ធនាការប្រឈមមុខជាមួយថៃបានជាបន្តបន្ទាប់។ ដូច្នេះ គំនិតរបស់នាយករដ្ឋមន្ត្រី អនុទីន ក្នុងការស្វែងរកផ្លូវបញ្ចប់សង្គ្រាមគឺជាបញ្ហាប្រឈមដ៏ធំមួយពីព្រោះថៃមិនអាចស្ថិតក្នុងស្ថានភាពបែបនេះជារៀងរហូតបានទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *