អភិបាលខេត្តកំពង់ចាម និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​អគាររដ្ឋបាលសាលាខេត្ត(ថ្មី​​) សម្រេចបាន95%

(កំពង់ចាម​) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន ចាន់ដា និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី​២​១ ខែកក្កដា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី​​) សម្រេចបានប្រមាណ95%ហើយ។

ក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឲ្យមន្ត្រីបច្ចេកទេស ធ្វើការសិក្សាលម្អិត ជុំវិញការរៀបចំតុបតែង លម្អ ក្នុងអគាររដ្ឋបាលថ្មី ដូចជាផ្ទាំងគំនូ និងបុស្បុក ជាដើម ដើម្បីឲ្យស្របទៅតាមបទដ្ឋានបច្ចេកទេស និងសាកសមជាអគាររដ្ឋបាលគំរូ។ ទន្ទឹមនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើឲ្យក្រុមជាងត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការសាងសង់ សំណង់ខាងលើ ឲ្យបានរួចរាល់តាមផែនការកំណត់ និងមានគុណភាពខ្ពស់ ដើម្បីទុកប្រើប្រាស់បានគង់វង្សយូរអង្វែង។

បើតាមលោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នសំណង់នេះ​កំពុង​សាងសង់​លទ្ធផល​សម្រេចបាន​ប្រមាណ 95% ហើយ​ ខណៈ​គម្រោងអាគារថ្មី​ នៃរដ្ឋបាលសាលា​ខេត្ត​មួយនេះ​ ត្រូវ​បាន​សាងសង់ឡើង​អំពី​បេតុង​អាមេ​ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង​ 53ម៉ែត្រ ទទឹង 24ម៉ែត្រ និងកម្ពស់ 3ជាន់​ ដោយមានទីតាំងនៅ​ក្នុងបរិវេណសាលាខេត្ត ស្ថិត​ក្នុង​ភូមិទី7 សង្កាត់កំពង់ចាម ក្រុងកំពង់ចាម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *