សៀមរាប: នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យលោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ដែលតែងតែសហការជាមួយរដ្ឋបាលខេត្តក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តសៀមរាបឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ តាមរយៈការអនុវត្តគម្រោងនានាលើវិស័យអប់រំ សុខាភិបាល ទេសចរណ៍ កសិកម្ម ទឹកស្អាត គម្រោងទីក្រុងឆ្លាតវៃ និងសកម្មភាពកំចាត់មីន។
លោក ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ខេត្តសៀមរាប ហើយលោកក៏បាន ប្ដេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរដ្ឋបាលខេត្តនាអនាគត។
ឯកឧត្តម អភិបាលខេត្តបានសម្តែងនូវការអរគុណយ៉ាងក្រៃលែងចំពោះជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន និងជំនួយរបស់ប្រជាជនជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ប្រចាំកម្ពុជាអស់រយៈពេល៣០ឆ្នាំ កន្លងមកនេះសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប ដែលជំនួយទាំងអស់នេះគឺជាគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន៕

