នាថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៦ (ដំណាក់កាលទី១) និងប្រគល់-ទទួលការថែទាំខួបប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តស្វាយរៀង។
ក្នុងបេសកកម្មការងារនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានចុះពិនិត្យ និងវាយតម្លៃផ្ទាល់លើទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន៖ ទី១) ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ (ជំហាន១) ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ទី២) ប្រព័ន្ធធារាសាស្ត្រកំពង់ជ្រៃ ស្ថិតក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងទី៣) គម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេអូរស្រគាំ ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ដែលបានអនុវត្តការងារប្រតិបត្តិការ និងការថែទាំ (O&M) ដំណាក់កាលទី១ បានត្រឹមត្រូវតាមបច្ចេកទេស។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការថែទាំហេដ្ឋារចនាសម្ព័ន្ធជាប្រចាំ គឺជាកិច្ចការអាទិភាពដើម្បីធានានិរន្តរភាពប្រភពទឹក សម្រាប់ស្រោចស្រពការដាំដុះកសិកម្ម រំដោះជំនន់ ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងជួយលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំឱ្យមន្ទីរជំនាញបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីរួមគ្នាថែរក្សាការពារប្រព័ន្ធធារាសាស្ត្រទាំងនេះឱ្យបានគង់វង្សយូរអង្វែង ធានាដល់ការផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់៕

