ខេត្តព្រៃវែង៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ សាលប្រជុំធំអាគារ A សាលាខេត្តព្រៃវែង បានប្រារព្ធកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពខេត្តព្រៃវែង និង ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរដ្ឋបាលខេត្ត ក្រុង-ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល និងភាគីពាក់ព័ន្ធជាច្រើនរូប។
នៅក្នុងឱកាសដ៏មានសារៈសំខាន់នោះ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម នាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត បានសង្កត់ធ្ងន់ និងណែនាំនូវទិសដៅគន្លឹះ ដើម្បីបន្តពង្រឹងសន្តិសុខក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៖
១. ការពង្រឹងយន្តការមូលដ្ឋាន និងកម្លាំងប្រជាការពារ
ត្រូវបន្តជំរុញ និងលើកកម្ពស់សកម្មភាពការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល។ ជាពិសេស ត្រូវយកចិត្តទុកដាក់លើកទឹកចិត្តដល់កម្លាំងប្រជាការពារ ដែលជាកម្លាំងស្ម័គ្រចិត្តចេញពីប្រជាពលរដ្ឋ ក្នុងការជួយយាមល្បាត និងការពារទ្រព្យសម្បត្តិជូនសហគមន៍ ទោះបីជាពួកគាត់មិនមែនជាមន្ត្រីក្របខណ្ឌរដ្ឋក៏ដោយ ដើម្បីជាការជំរុញស្មារតីចូលរួមចំណែកការពារសុវត្ថិភាពក្នុងមូលដ្ឋាន។
២. វិធានការចំពោះក្មេងទំនើង និងការកែប្រែស្តារនីតិសម្បទា
ពាក់ព័ន្ធនឹងបញ្ហាក្មេងទំនើង ឯកឧត្តមសន្តិបណ្ឌិត បានលើកឡើងនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានណែនាំឱ្យក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ពិនិត្យលទ្ធភាពក្នុងការបញ្ជូនក្មេងទំនើងដែលបានប្រព្រឹត្តខុស ទៅធ្វើការកែប្រែ និងស្តារនីតិសម្បទានៅតាមមណ្ឌលកែប្រែ (ដូចជានៅខេត្តឧត្តរមានជ័យជាដើម)។ ការបញ្ជូននេះ មិនមែនជាការយកទៅធ្វើទារុណកម្ម ឬដាក់ពន្ធនាគារនោះទេ ប៉ុន្តែជាការបណ្តុះបណ្តាលឱ្យពួកគាត់ចេះជំនាញចាក់បេតុង ដាំបន្លែបង្ការ និងរៀនសូត្រពីរបៀបរស់នៅដែលមានវិន័យត្រឹមត្រូវ ដើម្បីឱ្យពួកគាត់កែប្រែខ្លួនទៅជាពលរដ្ឋល្អក្នុងសង្គមវិញនៅថ្ងៃខាងមុខ។
៣. ការទប់ស្កាត់ល្បែងស៊ីសង និងគ្រោះថ្នាក់ចរាចរណ៍
ត្រូវបន្តយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការលេងល្បែងអនឡាញ (Online) ឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះដែរ ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងម៉ឺងម៉ាត់ ខណៈដែលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ មានការថយចុះគួរឱ្យកត់សម្គាល់ចំនួន ២៨លើក (ស្មើនឹង ៤៨%) បើធៀបនឹងគ្រោះថ្នាក់ចំនួន ៥៨លើក ក្នុងឆមាសទី១ ឆ្នាំ២០២៥ កន្លងទៅ។
កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងទទួលបាននូវការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការបន្តរួមគ្នាលុបបំបាត់រាល់បាតុភាពអសកម្មនានា ដើម្បីប្រែក្លាយគ្រប់ភូមិ ឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង ឱ្យមានសុវត្ថិភាពពេញលេញ និងសម្រេចបាននូវការអភិវឌ្ឍជានិរន្តរ៍ជូនប្រជាពលរដ្ឋ៕

