រដ្ឋបាលខេត្តព្រៃវែង រៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»

ព្រៃវែង:ព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (២៦ មិថុនា ឆ្នាំ២០២៦) យ៉ាងមហោឡារិក ក្រោមប្រធានបទដ៏មានសារៈសំខាន់៖ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។

​ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅបរិវេណសួនច្បារសម្តេចក្រឡាហោម ស ខេង ក្រុងព្រៃវែង ខេត្តព្រៃវែង។

​ការរៀបចំទិវាអន្តរជាតិនេះឡើង គឺក្នុងគោលបំណងបន្តដាស់តឿន និងក្រើនរំលឹកដល់ស្រទាប់យុវវ័យ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៃគ្រឿងញៀន និងចូលរួមប្រយុទ្ធប្រឆាំង មិនពាក់ព័ន្ធ មិនជួញដូរ និងមិនប្រើប្រាស់។

​ប្រធានបទឆ្នាំនេះ៖ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ឆ្លុះបញ្ចាំងពីការស្វែងរកវិធីសាស្ត្រថ្មីៗ ទំនើប និងមានប្រសិទ្ធភាពជាងមុន ក្នុងការអប់រំផ្សព្វផ្សាយ និងបង្ក្រាបបទល្មើសគ្រឿងញៀន ស្របតាមការវិវត្តនៃសង្គមបច្ចុប្បន្ន។

​រដ្ឋបាលខេត្តព្រៃវែង ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអាណាព្យាបាល និងសហគមន៍ ត្រូវរួមដៃគ្នាជាធ្លុងមួយជាមួយអាជ្ញាធរ ដើម្បីភូមិ-ឃុំមានសុវត្ថិភាព និងគ្មានគ្រឿងញៀន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *