ខេត្តសៀមរាប: នៅព្រឹកថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានទទួលថវិកា ចំនួន ១៥២,២០០,០០០រៀល និង ៧១,២៣៧.៥០ដុល្លារ ពីលោកជំទាវ ទាង អេង ទៀសីហា តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងប្រតិភូអមដំណើរ ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”។
ឯកឧត្តម ប្រាក់ សោភ័ណ បានមានប្រសាសន៍ ថា៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត ជាពិសេសគ្រួសារភៀសសឹកដែលកំពុងស្នាក់នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប និងគ្រួសារយុទ្ធជនរបួស និងពលីក្នុងសមរភូមិ។ ដើម្បីមានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ជាជំនួយការជូនរាជរដ្ឋាភិបាល សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សូមអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមមេត្តាបន្តចូលរួមបរិច្ចាគថវិកា សម្ភារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។
ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល៕

