អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ពង្រឹងកិច្ចសហការលើកកម្ពស់សេវាសុខភាព និងបរិយាបន្នសម្រាប់ជនមានពិការភាព

ខេត្តសៀមរាប: អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីលើកកម្ពស់បរិយាបន្នពិការភាព ពិសេសការធានាថា សេវាថែទាំសុខភាពភ្នែកមានភាពងាយស្រួលប្រើប្រាស់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ជនមានពិការភាពគ្រប់ប្រភេទ។

ថ្លែងបើកវគ្គបណ្តុះបណ្តាលថ្នាក់តំបន់អំពីគោលការណ៍ណែនាំ ស្តីពីបរិយាបន្នពិការភាព ក្នុងសេវាថែទាំសុខភាពភ្នែកដល់បុគ្គលិកសុខាភិបាលផ្តល់សេវាថែទាំសុខភាពភ្នែក នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច បានមានប្រសាសន៍ថា ការលើកកម្ពស់បរិយាបន្នពិការភាព គឺជាកត្តាសំខាន់ក្នុងការធានាសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ និងអនុសញ្ញាស្តីពីសិទ្ធិជនពិការ។

ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា ការងារបរិយាបន្នពិការភាព មិនមែនជាការសប្បុរសធម៌នោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចសិទ្ធិមនុស្ស ដោយបុគ្គលិកសុខាភិបាលត្រូវមើលឃើញថា ជនពិការគឺជា «អ្នកទទួលសេវាដែលមានសិទ្ធិស្មើគ្នា» មិនមែនជាអ្នកជំងឺដែលត្រូវអាណិតអាសូរឡើយ ចំពោះការផ្លាស់ប្ដូរផ្នត់គំនិតនេះ គឺជាមូលដ្ឋានគ្រឹះនៃការផ្ដល់សេវាប្រកបដោយគុណធម៌ និងវិជ្ជាជីវៈ។

លោក លី សារី អភិបាលរងខេត្ត មានប្រសាសន៍ថា កន្លងមកក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលខេត្តសៀមរាប និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជាប្រធានលេខាធិការដ្ឋាន រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុងស្រុក បានយកចិត្តទុកដាក់ខ្លាំង និងជួយដល់បងប្អូនជនមានពិការភាព។ បច្ចុប្បន្ននេះជនមានពិការភាពមិនត្រូវបានគេរើសអើងប៉ុណ្ណោះទេ តែពួកគាត់ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋានប្រកបដោយសមភាព និងបរិយាបន្ន ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាពរស់នៅរបស់ជនមានពិការភាព។

លោកអភិបាលរងខេត្ត បានបន្តថា តាមរយៈវគ្គបណ្តុះបណ្តាលថ្នាក់តំបន់នាពេលនេះ នឹងបង្កើនការយល់ដឹងបន្ថែមអំពីបរិយាបន្នពិការភាព ក្នុងសេវាថែទាំសុខភាពភ្នែកដល់បុគ្គលិកសុខាភិបាលដែល កំពុងផ្តល់សេវាសុខភាពភ្នែក ដើម្បីឱ្យជនមានពិការភាពអាចទទួលបាននូវសុខុមាលភាព និងសុខភាពភ្នែកល្អពេញមួយជីវិត ពីមណ្ឌលថែទាំភ្នែកសាធារណៈនិងបង្ការទប់ស្កាត់ពិការភាពភ្នែកប្រកបដោយសមធម៌ គុណភាព គ្មានការរើសអើង និងបរិយាបន្នថែមទៀតផង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *