មន្ទីរព័ត៌មានខេត្តព្រៃវែង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦

ព្រៃវែង: នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះ មន្ទីរព័ត៌មានខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធានមន្ទីរ និងលោក-លោកស្រីប្រធានការិយាល័យទាំង៥ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទផងដែរ។

​កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តសកម្មភាពការងារនានាក្នុងលទ្ធផលប្រចាំខែមិថុនាកន្លងទៅ ព្រមទាំងដាក់ចេញនូវទិសដៅការងារសំខាន់ៗដែលត្រូវបន្តអនុវត្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

​នៅក្នុងឱកាសនោះ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍យ៉ាងលម្អិតពីលទ្ធផលការងារដោយលោក-លោកស្រីប្រធានការិយាល័យទាំង៥ រួចមក លោកប្រធានមន្ទីរ ក៏បានបើកទូលាយ និងអនុញ្ញាតជូនលោក-លោកស្រីប្រធានការិយាល័យ ព្រមទាំងលោក-លោកស្រីអនុប្រធានមន្ទីរ ចូលរួមមតិយោបល់ពិភាក្សា បន្ថែមចំណុចខ្វះខាត និងដោះស្រាយរាល់បញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងខែកន្លងមក យ៉ាងផុសផុល និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

​មានប្រសាសន៍បូកសរុប និងបិទកិច្ចប្រជុំ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានរួមសហការគ្នាសម្រេចបាននូវសមិទ្ធផលការងារល្អប្រសើរនាខែចាស់។

ទន្ទឹមនឹងនោះ លោកប្រធានមន្ទីរ ក៏បានធ្វើការណែនាំ និងជម្រុញបន្ថែមដល់ការិយាល័យទាំង៥ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តតួនាទី ភារកិច្ចជំនាញរបស់ខ្លួនឱ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងន័យពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបង្កើនប្រសិទ្ធភាពការងារ ដើម្បីធានាសម្រេចបាននូវលទ្ធផលល្អជោគជ័យថ្មីៗទៀត នៅក្នុងខែកក្កដា ជាបន្តទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *