ខេត្តព្រៃវែង៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខា លោកប្រធានអនុសាខាស្រុក បុគ្គលិកកិច្ចសន្យា ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ និងមន្ទីរ អង្គភាព ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ១៨គ្រួសារ នៅស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងឃុំចំនួន ៣ ស្មើនឹង ៦ភូមិ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរ ៧ គ្រួសារ(ប្រភេទ ក) និងរងគ្រោះមធ្យម ១១គ្រួសារ(ប្រភេទ ខ)។
ថ្លែងនាឱកាសនោះ ឯកឧត្តម សុខ ផេង បាននាំមកនូវសេចក្តីនឹករលឹកពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិ ដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់បាក់រលំផ្ទះនាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។
ឯកឧត្តម បានបន្តទៀតថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែយលចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជា-សម្រាប់យើងគ្រប់ៗគ្នា។
ក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន វិជ្ជាសង្គ្រោះបឋម វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម សុវត្ថិភាពចរាចរណ៍ គោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ការចំណាកស្រុកប្រកបដោយសុវត្ថិភាព សរុបអ្នកចូលរួមចំនួន ៦៧នាក់ ស្រី ៤១នាក់។
អំណោយដែលបានផ្តល់ជូនរួមមាន៖
-គ្រួសារ រងគ្រោះធ្ងន់ធ្ងរ ប្រភេទ (ក)ចំនួន ៧គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥ គ.ក, តង់ ១, មី ១ កេស, ត្រី ខ ១ យួរ, ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកាចំនួន ១០០,០០០ រៀល
-គ្រួសារ រងគ្រោះមធ្យម ប្រភេទ (ខ) ចំនួន ១១គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥ គ.ក, មី ១ កេស, ត្រី ខ ១ យួរ, ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកាចំនួន ៥០,០០០ រៀល។

