ខេត្តសៀមរាប: នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤ ជំរុញការសហការអភិវឌ្ឍទីក្រុងឆ្លាតវៃ សំដៅលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត។ កិច្ចប្រជុំនេះបានពិនិត្យនូវវឌ្ឍនភាពការងារ ដោយបើកឱកាសឱ្យរដ្ឋ និងឯកជនពិភាក្សាប្រមូលធាតុចូល រួមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យាលើវិស័យអាទិភាព ដើម្បីប្រែក្លាយក្រុងសៀមរាបឱ្យទៅជាទីក្រុងបេតិកភណ្ឌទេសចរណ៍ដ៏ទំនើប មានសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោក អភិបាលរងខេត្តសៀមរាប បានបង្ហាញការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយទីភ្នាក់ងារ JICA ដែលបានរួមចំណែកជំរុញការអភិវឌ្ឍទីក្រុងសៀមរាប តាមរយៈការអនុវត្តគម្រោងសាកល្បងទីក្រុងឆ្លាតវៃចំនួន១០ ក្នុងដំណាក់កាលទី១ ដែលទទួលបានលទ្ធផលជោគជ័យ។ សម្រាប់ដំណាក់កាលទី២ រដ្ឋបាលខេត្តមានទិសដៅបន្តអនុវត្តគម្រោងឆ្លាតវៃចំនួន ៨បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងដោះស្រាយបញ្ហាប្រឈមនានា សំដៅប្រែក្លាយក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃ ប្រកបដោយចីរភាព។
ទន្ទឹមនឹងនេះ ឯកឧត្ដម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ខេត្តសៀមរាប ក្នុងការអភិវឌ្ឍខេត្តឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍខេត្តសៀមរាបឱ្យក្លាយទៅជាទីក្រុងឆ្លាត មិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការទាក់ទាញការវិនិយោគ វិស័យទេសចរណ៍ និងបង្កើនភាពប្រកួតប្រជែងរបស់ខេត្តនៅក្នុងតំបន់ផងដែរ។ ជាមួយគ្នានេះ ឯកឧត្ដម ក៏បានណែនាំឱ្យគណៈកម្មាធិការសម្របសម្រួលដឹកនាំទីក្រុងឆ្លាត និងរដ្ឋបាលខេត្ត ត្រូវសហការគ្នាឱ្យបានស្អិតរមួតជាមួយក្រុមការងារបច្ចេកទេសរបស់ JICA ដើម្បីជំរុញការអនុវត្តគម្រោងដំណាក់កាលទី២ នេះឱ្យបានជាក់លាក់ និងលេចចេញជាលទ្ធផលពិតប្រាកដ។ លើសពីនេះ ក្រសួងមហាផ្ទៃក៏កំពុងរៀបចំឯកសារយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍទីក្រុងឆ្លាត រយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយរំពឹងថាខេត្តសៀមរាប នឹងក្លាយជាគំរូទីក្រុងឆ្លាតដ៏លេចធ្លោមួយនៅក្នុងតំបន់នាពេលឆាប់ៗខាងមុខ។

