(កំពង់ចាម) ដើម្បីធានាឱ្យបាននូវសុវត្ថិភាពខ្ពស់ និងរបៀបរៀបរយល្អ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧ នាពេលខាងមុខនេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៧ និងចុះត្រួតពិនិត្យទីតាំងពិធី ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ស្ថិតនៅសាលាស្រុកជើងព្រៃ នាព្រឹក២៩ មិថុនា ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់ក្រុមការងារទទួលខុសត្រូវ អញ្ជើញបងប្អូនប្រជាពលរដ្ឋឲ្យមកចូលរួមឲ្យបានតាមការគ្រោងទុកប្រមាណ ៧.០០០នាក់ ដើម្បីចូលរួមអបអរសាទរជាមួយ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាម ចំពោះសមិទ្ធិផលដ៏ធំធេងរបស់ប្រជាពលរដ្ឋ ក្នុងខេត្ត ហើយក៏ជាផ្លូវផ្តល់សក្តានុពលសេដ្ឋកិច្ចដ៏សំខាន់ដល់ប្រជាពលរដ្ឋទូទាំងប្រទេស សម្រាប់ធ្វើការដឹកជញ្ជូន និងធ្វើដំណើរឆ្លងកាត់ផ្លូវនេះផងដែរ។
ទន្ទឹមនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង បានដាក់ចេញនូវផែនការសន្តិសុខដល់កម្លាំងទាំងបី អាជ្ញាធរពាក់ព័ន្ធ ដែលមានតួនាទីរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ថ្នាក់ដឹកនាំ គណ:ប្រតិភូអមដំណើរ និងបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែង បំពេញភារកិច្ចរបស់ខ្លួនទៅតាមការចាត់តាំងរបស់ថ្នាក់លើដែលប្រគល់ជូន សំដៅធ្វើយ៉ាងឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕

