ខេត្តពោធិ៍សាត់: នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុកតាលោសែនជ័យ ព្រមទាំងអាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារ ក្រុមយុវជន និងបងប្អូនប្រជាពលរដ្ឋ ចុះអនុវត្តយុទ្ធនាការដាំកូនឈើក្ងោក ក្នុងឆ្នាំ២០២៦ នៅអូរដំណាក់កន្សែង ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
យុទ្ធនាការដាំកូនឈើនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើតគម្របបៃតង ក៏ដូចជាការបំផុសស្មារតីស្រឡាញ់ និងថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ក្នុងសហគមន៍ឱ្យកាន់តែមានភាពស្រស់បំព្រង។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ខូយ រីដា ក៏បានចុះពិនិត្យនូវវឌ្ឍនភាពការងារស្តារ «អូរដំណាក់កន្សែង» គួររំលឹកផងដែរថា ការចុះពិនិត្យ និងជំរុញការងារស្តារប្រភពទឹកនេះ គឺដើម្បីឆ្លើយតបជាបន្ទាន់ទៅនឹងសំណូមពរដ៏ទទូចរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ក្នុងគោលដៅដោះស្រាយរាល់ក្តីកង្វល់ ព្រមទាំងធានាឱ្យបាននូវប្រភពទឹកប្រើប្រាស់ និងស្រោចស្រពផលដំណាំបានគ្រប់គ្រាន់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងមូល។



