អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យ និងផ្តល់ការគាំទ្រដល់ប្រជាកសិករ ក្នុងឃុំអូរសោម ដែលកំពុងមមាញឹកក្នុងការប្រមូលផលដំណាំ

ខេត្តពោធិ៍សាត់:  នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងផ្តល់ការគាំទ្រដល់ប្រជាកសិករក្នុងឃុំអូរសោម ដែលកំពុងមមាញឹកក្នុងការប្រមូលផលដំណាំមើមឆៃថាវ និងឪឡឹក។

គួរជម្រាបជូនថា ឃុំអូរសោម ត្រូវបានគេស្គាល់ថាជាតំបន់ដែលមានអំណោយផលពីធម្មជាតិយ៉ាងពិសេស មានអាកាសធាតុត្រជាក់គ្រប់រដូវកាល និងមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល។

ក្រៅពីដំណាំកសិឧស្សាហកម្មល្បីៗដូចជា៖ ទុរេន សាវម៉ាវ និងបឺរ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទីផ្សារ ប្រជាពលរដ្ឋនៅតំបន់នេះក៏បានខិតខំប្រឹងប្រែងដាំដុះដំណាំកសិកម្មចម្រុះជាច្រើនប្រភេទទៀត រួមមាន៖ មើមឆៃថាវ, ឪឡឹក, ចេក, ខ្ញី, ល្បៀត និងម្តេញជាដើម។

នាឱកាសនោះ ឯកឧត្តម ខូយ រីដា បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាកសិករ និងបានដាក់ចេញនូវសារអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគាំទ្រ និងលើកកម្ពស់ផលិតផលកសិកម្មដែលផលិតបាននៅក្នុងស្រុកយើង។ ឯកឧត្តម អះអាងថា ការគាំទ្ររបស់បងប្អូន គឺជាកម្លាំងចិត្តដ៏ធំធេង សម្រាប់កសិករក្នុងការបង្កើនផលិតភាព។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តសកម្មភាពដាំដើមចាន់គិរី និងដើមក្ងោក តាមបណ្តោយផ្លូវ, ជួស និងតែងដើមក្ងោក ដែលមានស្រាប់ ចាប់ពីចំណុចស្ពានតេជោសន្តិភាពឬស្សីជ្រុំ រហូតដល់ទីប្រជុំជនឃុំអូរសោម ក្នុងគោលបំណង ដើម្បីពង្រីកគម្របបៃតង និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ បង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ ដែលធ្វើដំណើរមកកាន់ឃុំអូរសោម ស្របតាមទិសដៅអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិរបស់ខេត្ត។

ទន្ទឹមនឹងនេះ ឯកឧត្តម សូមបងប្អូនជួយថែរក្សាដើមឈើដែលយើងបានដាំ ដើម្បីឱ្យឃុំអូរសោមរបស់យើងកាន់តែស្រស់ស្អាត មានបរិយាកាសល្អ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *