គណៈកម្មការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ គ.ជ.ព បានដឹកនាំ និងចុះអនុវត្តការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម

(កំពង់ចាម) :នៅព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម និង ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំក្រុមការងារចុះអនុវត្តការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អនុប្រធាន គ.ជ.ព និងជាប្រធានក្រុមការងារទី២ ទទួលបន្ទុកដឹកនាំ និងអនុវត្តយុទ្ធនាការ គ.ជ.ព នៅតំបន់ដែនសមត្ថកិច្ចសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងសាលាឧទ្ធរណ៍ព្រះសីហនុ សមាសភាពក្រុមការងាររួមមានលោកស្រី ស្មាន់ វណ្ណធីតា ប្រធាននាយកដ្ឋានក្រឡាបញ្ជី លោក ស្អាង យ៉ារ៉ា មន្ត្រីក្រសួងយុត្តិធម៌ និងជំនួយការ។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូង និងឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ព្រមទាំងលោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ប្រធាន អនុប្រធានលេខាធិការដ្ឋាន ប្រធានការិយាល័យ​ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ ក្នុងជំនួបនេះផងដែរ, ឯកឧត្តមប្រធានបានទទួលរបាយការណ៍ស្តីពីវឌ្ឍនភាពការងារ យុទ្ធសាស្ត្រក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការផ្ទៃក្នុង ចំណាត់ការសំណុំរឿង និងបញ្ហាប្រឈមដែលមានជាអាទិ៍ រឿងក្តីអនុវត្តដោយបង្ខំ ការលក់ឡាយឡុងដោយគ្មានអ្នកដេញថ្លៃ ដីកាបញ្ជូនរួចមិនមានការបង្វិលត្រឡប់ និងការខ្វះកិច្ចសហការពីស្ថាប័នពាក់ព័ន្ធមួយចំនួន ជាដើម។ ទាំងនេះជាកត្តាធ្វើឱ្យសំណុំរឿងក្តីមានភាពយឺតយ៉ាវ និងរាំងស្ទះ។

ចុងបញ្ចប់ ឯកឧត្តម ក៏បានផ្តល់ជូននូវអនុសាសន៍គន្លឹះមួយចំនួនដេីម្បីសាលាដំបូងខេត្តកំពង់ចាមយកធ្វើជាដំណោះស្រាយសម្រាប់បញ្ហាប្រឈមខាងលើ ក៏ដូចជាការអនុវត្តក្នុងការចាត់ការសំណុំរឿងដែលនៅសល់ឱ្យបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធិភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *