ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ដាក់ចេញយុទ្ធសាស្ត្រ ៤ជំហាន ដើម្បីស្ដារវិស័យទេសចរណ៍ខេត្តសៀមរាប “ពីដើមខ្សែ ដល់ចុងខ្សែ”

ខេត្តសៀមរាម: ដើម្បីពន្លឿនការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យមានភាពរស់រវើកឡើងវិញ ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តយុទ្ធសាស្ត្រតាមខ្សែច្រវាក់តម្លៃទេសចរណ៍ចំនួន ៤ជំហានធំៗ “ពីដើមខ្សែ ដល់ចុងខ្សែ”។

ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រទាំង ៤ជំហាននេះ រួមមាន៖ ទី១.ការកំណត់និងទាក់ទាញទីផ្សារអាទិភាព និងទីផ្សារគោលដៅថ្មីៗ ការជំរុញការទូតទេសចរណ៍ ការកសាងទំនុកចិត្តឡើងវិញ និងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងរដូវកាលបៃតង ដោយផ្ដោតលើយុទ្ធសាស្ត្រ “តម្លៃប្រៀបធៀប”។ ទី២.ការដោះស្រាយបញ្ហាការតភ្ជាប់ជើងហោះហើរដែលកំពុងខ្វះខាត តាមរយៈការផ្ដល់កញ្ចប់លើកទឹកចិត្តផ្នែកអាកាសចរណ៍ ការសិក្សាលទ្ធភាពបន្ថែមលើនីតិវិធីច្រកទ្វារព្រំដែន ការកែទម្រង់គោលនយោបាយទិដ្ឋាការ និងការរៀបចំកញ្ចប់ទស្សនកិច្ចតម្លៃសមរម្យ។

ឯកឧត្តមបន្តថា ទី៣.សម្រួលដល់ដំណើរកម្សាន្តក្នុងខេត្តសៀមរាបប្រកបដោយភាពកក់ក្ដៅ នេះជាចំណុចស្នូលក្នុងការធ្វើពិពិធកម្មផលិតផល “លើសពីប្រាសាទ” នៅក្នុងតំបន់អាទិភាពទាំង៦, ការកាត់បន្ថយភាពធ្លុះធ្លាយសេដ្ឋកិច្ចក្នុងខ្សែច្រវាក់តម្លៃទេសចរណ៍ និងការធ្វើកំណែទម្រង់បណ្ណទស្សនាអង្គរ ដើម្បីឆ្លើយតបនឹងតម្រូវការចម្រុះរបស់ភ្ញៀវទេសចរ។ ទី៤.ការធានាសន្តិសុខ សុវត្ថិភាព អនាម័យចំណីអាហារ ទប់ស្កាត់ និងបោសសម្អាតបទល្មើសនិងការឆបោក យុទ្ធនាការ “គ្មានប្លាស្ទិក” ការសម្រួលប្រព័ន្ធទូទាត់ឌីជីថលសម្រាប់ភ្ញៀវបរទេស ដើម្បីធានាថាភ្ញៀវទេសចរទទួលបាននូវបទពិសោធល្អប្រកបដោយការចងចាំល្អ និងត្រឡប់មកវិញជាលើកទី២។

ឯកឧត្តម ថោង ខុន បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃបេសកកម្មនេះ មិនអាចសម្រេចបានដោយស្ថាប័នរដ្ឋតែមួយនោះទេ ប៉ុន្តែទាមទារនូវការចូលរួមពីគ្រប់តួអង្គក្រោមអភិក្រមភាពជាដៃគូ “រដ្ឋ ឯកជន ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍ” ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។ ឯកឧត្តមបានលើកឡើងពីប្រសាសន៍របស់សម្ដេចមហាបវរធិបតីថា៖ “ការទាញទេសចរមកសៀមរាប គឺការទាញមកកម្ពុជាទាំងមូល”។

សូមជម្រាបថា ឯកឧត្តមទេសរដ្ឋមន្ត្រី លើកឡើងបែបនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តុះបណ្តាលផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ និងកិច្ចពិគ្រោះយោបល់លើការរៀបចំសេចក្ដីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដំណាក់កាលទី២ (២០២៦-២០២៨) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ​ ដោយមានការចូលរួមពីលោក​ ង៉ូវ​ សេងកាក់​ អភិបាលរងខេត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តនិងអ្នកពាក់ព័ន្ធផងដែរ។ ក្នុងពិធីនេះ ឯកឧត្តម ក៏បានប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមចំនួន ៤៥រូប មកពីអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍តំបន់ភ្នំគូលែន, ក្រុងសៀមរាប, បន្ទាយស្រី និងតំបន់បឹងទន្លេសាប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។ ការបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីជួរមុខក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលចាត់ទុក “មនុស្ស” ជាស្នូលនៃការអភិវឌ្ឍ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *