(ភ្នំពេញ) :សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានចេញ សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍មកត្រួតពិនិត្យការអនុវត្ត បទឈប់បាញ់គ្នាដឹកនាំដោយប្រទេសម៉ាឡេស៊ី។
នៅក្នុងសេចក្តីសម្រេចនោះដែរ រួមមានសមាសភាពក្រុមការងារសម្របសម្រួលនេះ មាន៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន និងឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន និងទី៣ ឯកឧត្តមឧត្តមសេនីយ៍ រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រួសួងការពារជាតិ ជាអនុប្រធាន ព្រមទាំងរួមជាមួយថ្នាក់ដឹកនាំមួយចំនួនទៀត ជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ និងនាយទាហានជាន់ខ្ពស់មួយចំនួនទៀតជាថ្នាក់ដឹកនាំមកពីក្រសួងការពារជាតិផង និងមកពីអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទជាសមាជិកផងដែរ។
ក្រុមការងារនេះ មានភារកិច្ចសម្របសម្រួលនិងផ្តល់លក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ការបំពេញភារកិច្ច របស់ក្រុមអ្នកសង្កេតការណ៍ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីមកផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ និងត្រូវរាយការណ៍ជូនសម្តេចធិបតី នាយករដ្ឋមន្រ្តី អំពីការវិវត្តនៃសភាពការណ៍នៅតំបន់ប៉ះពាល់និងស្នើសុំការ ណែនាំតាមការចាំបាច់ពីសម្តេចធិបតី នាយករដ្ឋមន្រ្តី៕
