(កំពង់ចាម) : អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំ ដល់មន្ត្រីពាក់ព័ន្ធ ឱ្យបន្តយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គែម) និងពង្រឹងការគ្រប់គ្រងអាជីវកម្មសាច់បង្កកនាំចូលដោយខុសច្បាប់ ថ្លែងបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។
ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងអាជីវកម្មសាច់បង្កកនាំចូលដោយខុសច្បាប់ និងទំនិញ ក្លែងក្លាយ ពោលគឺត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធ ពីសមត្ថកិច្ចពាក់ព័ន្ធ វិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់បទល្មើស និងការពារសុខុមាលភាពសាធារណៈ។
ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ត្រូវបង្កើតបណ្តាញនៅតាមមូលដ្ឋាន ដើម្បីធ្វើការបោសសម្អាតបទល្មើសនានា ជាពិសេសបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គែម) ឱ្យមានប្រសិទ្ធភាព ពោលគឺត្រូវបង្កើតបណ្តាញ ស៊ើបការណ៍សម្ងាត់នៅតាមមូលដ្ឋាន ដោយសហការជាមួយមេភូមិ ម្ចាស់ផ្ទះជួល ឬ ប្រជាពលរដ្ឋ ដើម្បីរាយការណ៍ជាបន្ទាន់នូវរាល់ទីតាំងសង្ស័យ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានសង្កត់ធ្ងន់ថា គ្រប់ ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសទាំងអស់ ដែលទទួលបានពីបណ្តាញរាយការណ៍ គឺត្រូវចុះធ្វើការបង្ក្រាបភ្លាមៗ ប៉ុន្តែត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ មុនពេលចុះប្រតិបត្តិការ ចៀសវាងការ ប៉ះពាល់ និងការរំខានដល់សុខុមាលភាព ឬសិទ្ធិរបស់ប្រជាពលរដ្ឋផងដែរ៕

