អភិបាលខេត្តកំពង់ចាម អញ្ជើញដើរថ្មើរជើងចម្ងាយ10Km អបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦” នៅតំបន់ប្រវត្តិសាស្រ្តតេជោ-កោថ្មX16

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នេះ អភិបាលនៃគណៈអភិបាលខេត្តខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារអញ្ជើញដើរថ្មើរជើងចម្ងាយ10Km ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦” នៅតំបន់ប្រវត្តិសាស្រ្តតេជោ-កោថ្មX16។

គួររំលឹកថា ការប្រារព្ធទិវានេះឡើង គឺក្នុងស្មារតី បញ្ជាក់ពីការចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តម ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងវីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះមាតុភូមិពីកណ្ដាប់ដៃនៃរបបប៉ុល ពត និងបានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត សូមរំលឹកនឹកគុណចំពោះវិញ្ញាណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារីកម្ពុជា អ្នកស្នេហាជាតិគ្រប់រូប គ្រប់ជំនាន់ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈចលនាតស៊ូទាំងអស់ និងការបំពេញភារកិច្ចគ្រប់បែបយ៉ាង ឆ្លងកាត់គ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្រ រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនប្រទេសជាតិ និងបានចូលរួមខឿនការពារជាតិ ថែរក្សាសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យ ឯករាជ្យជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ និងសូមឱ្យវិញ្ញាណក្ខន្ធអស់លោកបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *