សៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានទទួលស្គាល់ថា ស្ត្រីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកកសាងថែរក្សាសុខសន្តិភាព ។
ប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) លើកទី៤២ នាថ្ងៃទី១៦ នៅសណ្ឋាគារសុខា សៀមរាប។
ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ញកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងប្រជាពលរដ្ឋក្នុងសង្គម ដែលមានអរិយៈធម៌ខ្ពស់ ប្រកបដោយសិល្បធម៌ សមធម៌ និងបរិយាបន្ន ដោយក្នុងនោះស្ត្រីគឺជាស្នូល នៅក្នុងការអភិវឌ្ឍរបស់យើង ។
សម្តេចធិបតី បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តបង្កើនការវិនិយោគលើសមត្ថភាពយែនឌ័រ និងបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅក្នុងវិស័យអប់រំ សេដ្ឋកិច្ច សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ ពីភាពយែនឌ័រ ការបង្ករលក្ខណៈអំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិ ធ្វើការសម្រេចចិត្ត ក្នុងផែនការគ្រួសារ ដោយកាត់បន្ថយភាពងាយរងគ្រោះ អំពើហិង្សាទាក់ទងនឹងយែនឌ័រ និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់ ។
ទទ្ទឹមនេះ សម្តេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «រាជរដ្ឋាភិបាល ក៏បានទទួលស្គាល់ថា ស្ត្រីមិនត្រឹមតែជាអ្នកទទួលផល ពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកកសាង ថែរក្សាសុខសន្តិភាព ចាប់តាំងពីគ្រួសារ សហគមន៍ សង្គមជាតិ ព្រមទាំងនៅលើឆាកអន្តរជាតិ»៕

