ដំណឹងល្អសម្រាប់អ្នកនិយមទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះទុរេនក្លែងបន្លំទៀតហើយ!

(កំពង់ចាម) :សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនិយមចូលចិត្តពិសារផ្លែទុរេនទាំងអស់ លែងត្រូវព្រួយបារម្ភចំពោះការទិញប៉ះចំទុរេនក្លែងបន្លំថាជា «ទុរេនបែកអន្លូង» ទៀតហើយ។ នេះជារបត់ថ្មីមួយដ៏រីករាយ បន្ទាប់ពីផ្លែឈើដ៏មានប្រជាប្រិយភាពប្រចាំតំបន់មួយនេះ ទទួលបានការការពារ និងធានាគុណភាពជាផ្លូវការ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការក្លែងបន្លំនៅលើទីផ្សារ និងដើម្បីលើកកម្ពស់កសិផលខ្មែរ ពេលនេះទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ទទួលបានខ្នងបង្អែកយ៉ាងរឹងមាំចំនួនពីរគឺ៖

១. ការចុះបញ្ជីម៉ាកសមូហភាព (កម្មសិទ្ធិបញ្ញា)៖ ធានាការពារឈ្មោះ និងកេរ្តិ៍ឈ្មោះ «ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់» ស្របច្បាប់ មិនអនុញ្ញាតឱ្យមានការយកឈ្មោះនេះទៅប្រើប្រាស់ខុសច្បាប់លើទុរេនមកពីតំបន់ផ្សេងឡើយ។

២. វិញ្ញាបនបត្រ CamGAP (សំគាល់ទីតាំងចម្ការ)៖ ជាការបញ្ជាក់ថា ទុរេនទាំងនោះត្រូវបានដាំដុះស្របតាមស្តង់ដារកសិកម្មល្អរបស់កម្ពុជា ដែលមានការត្រួតពិនិត្យត្រឹមត្រូវ ដឹងពីប្រភពចម្ការច្បាស់លាស់ ធានាទាំងគុណភាព រសជាតិ និងសុវត្ថិភាពខ្ពស់សម្រាប់អ្នកបរិភោគ។

ឯកឧត្តម អភិបាលខេត្ត បន្តថា ចាប់ពីពេលនេះតទៅ មុននឹងសម្រេចចិត្តទិញ សូមកុំភ្លេចសាកសួរ ឬពិនិត្យមើលសញ្ញាសំគាល់ ម៉ាកសមូហភាព និងប័ណ្ណបញ្ជាក់ CamGAP ដើម្បីប្រាកដថា លោកអ្នកបានវាយតម្លៃ និងគាំទ្រចំទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ពិតប្រាកដ។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងដូច្នេះក្នុងឱកាស ដែលឯកឧត្តម អភិបាលខេត្ត រួមជាមួយ ឯកឧត្តម សៀកឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សហគមន៍ទុរេនបែកអន្លង់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *