មន្ត្រីជំនាញបសុព្យាបាលស្រុកស្វាយអន្ទរ ចុះពិនិត្យនិងជម្រុញការដាំស្មៅចំណីសត្វរបស់កសិករ ដើម្បីត្រៀមពង្រីកការចិញ្ចឹមគោ

ខេត្តព្រៃវែង៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក ចិក ហាត មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ប្រចាំស្រុកស្វាយអន្ទរ បានអញ្ជើញចុះពិនិត្យមើលសកម្មភាពដាំស្មៅចំណីសត្វរបស់ប្រជាកសិករ នៅក្នុងភូមិស្វាយគុណ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

​ការចុះពិនិត្យផ្ទាល់នេះ បានធ្វើឡើងនៅទីតាំងដាំដុះរបស់កសិករឈ្មោះ ឃួន ហ៊ាត ដែលបច្ចុប្បន្នកំពុងរៀបចំដាំប្រភេទ «ស្មៅបារាំង» នៅលើផ្ទៃដីទំហំ ៥០អា។ តាមការបញ្ជាក់ពីម្ចាស់កសិដ្ឋាន ការវិនិយោគលើការដាំស្មៅចំណីសត្វនេះ គឺធ្វើឡើងក្នុងគោលបំណងផ្គត់ផ្គង់ និងត្រៀមលក្ខណៈលក្ខណៈបច្ចេកទេស សម្រាប់ការដាក់គោចិញ្ចឹមជាលក្ខណៈគ្រួសារ និងឈានទៅរកការធ្វើអាជីវកម្ម។

​ក្នុងឱកាសនោះផងដែរ មន្ត្រីជំនាញក៏បានផ្តល់នូវការណែនាំ បច្ចេកទេសបន្ថែមទាក់ទងនឹងការថែទាំ ការកាត់ស្មៅឱ្យចំដំណាក់កាលអាយុកាល ដើម្បីទទួលបានសារធាតុចិញ្ចឹមខ្ពស់សម្រាប់សត្វពាហនៈ ព្រមទាំងការគ្រប់គ្រងអនាម័យនិងបសុព្យាបាល ដើម្បីធានាឱ្យការចិញ្ចឹមគោនៅពេលខាងមុខទទួលបានទិន្នផលខ្ពស់ និងមានសុវត្ថិភាពពីជំងឺដង្កាត់ផ្សេងៗ។

​សកម្មភាពនេះឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់មន្ត្រីជំនាញកសិកម្ម ក្នុងការជំរុញវិស័យវារីវប្បកម្ម និងការចិញ្ចឹមសត្វនៅមូលដ្ឋាន ជួយឱ្យកសិករផ្លាស់ប្តូរទម្លាប់ពីការលែងគោតាមបែបធម្មជាតិ មកជាការចិញ្ចឹមតាមបែបបច្ចេកទេស ធានាបាននូវការផ្គត់ផ្គង់ទីផ្សារ និងលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *