ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានចេញបទបញ្ជា ចំពោះអ្នកអនុវត្តលើកិច្ចការងារបង្រ្កាបបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គឺត្រូវតែធ្វើដោយមិនរាថយដាច់ខាត ។
ការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង ធ្វើឡើងក្នុងពេលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានដោយវត្តមានចូលរួម អភិបាលរងរាជធានីភ្នំពេញ, មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងអភិបាលខណ្ឌទាំង១៤ ។
តាមរយៈ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ក្រោយពីស្តាប់របាយការណ៍វឌ្ឍនភាព នៃការងារបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលរាយការណ៍ដោយលោកស្នងការរង តំណាងស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួចមក ឯកឧត្តម ឃួង ស្រេង បានអនុញ្ញាតឱ្យអភិបាលខណ្ឌចូលរួមមតិយោបល់ ក៏ដូចជាការចែករំលែកបទពិសោធន៍ ព្រមទាំងបញ្ហាប្រឈមនានា ក្នុងរង្វង់ប្រតិបត្តិការកន្លង ដើម្បីពិភាក្សារកដំណោះស្រាយធ្វើយ៉ាងណា ឱ្យការងារបង្រ្កាបបទល្មើសនេះ កាន់តែមានប្រសិទ្ធភាព និងឈានដល់ការបង្រ្កាបឱ្យអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
លោកស្រីអ្នកនាំពាក្យ បានគូសបញ្ជាក់ថា ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានផ្តល់ជាអនុសាសន៍ និងការដឹកនាំមួយចំនួន សម្រាប់ឱ្យប្រតិបតិ្តករទាំងអស់ ទាំងស្នងការដ្ឋាននគរបាល ទាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ យកទៅអនុវត្តបន្ត ជាពិសេសអភិបាល ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា ការងារបង្រ្កាបបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS គឺត្រូវតែធ្វើដោយមិនរាថយដាច់ខាត ត្រូវតែចុះត្រួតពិនិត្យទីតាំងសង្ស័យ ឱ្យកាន់តែសកម្ម ហើយត្រូវប្រកាន់ខ្ជាន់ នូវវិជា្ជជីវៈរបស់ខ្លួន ឱ្យបានត្រឹមត្រូវក្នុងពេលចុះប្រតិបត្តិការ៕

