ខេត្តត្បូងឃ្មុំ: វិធានការក្តៅ «ដូចភ្លៀងរលឹម» របស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានបន្តធ្វើឡើងយ៉ាងម៉ឺងម៉ាត់ នៅថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យតាមផ្ទះវីឡា ផ្ទះសំណាក់ និងបន្ទប់ជួល ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ដោយរកឃើញ និងឃាត់ខ្លួនជនបរទេសស្នាក់នៅខុសច្បាប់ចំនួន ២៣នាក់។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការសម្របសម្រួលផ្ទាល់ពីតំណាងអយ្យការអមសាលាដំបូងខេត្ត។កម្លាំងចម្រុះដែលបានចូលរួមធ្វើប្រតិបត្តិការ រួមមាន ស្នងការដ្ឋាននគរបាលខេត្ត, កងរាជអាវុធហត្ថខេត្ត, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងអាជ្ញាធរមូលដ្ឋាន។
ជាលទ្ធផល នៅក្នុងការចុះត្រួតពិនិត្យទីតាំងបន្ទប់ជួលចំនួន ០៣កន្លែង ស្ថិតក្នុងភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក (រួមមានបន្ទប់សរុប ៨៨បន្ទប់, ទូកុងទឺន័រ ០៩ទូ, អាហារដ្ឋាន ០១ និងផ្ទះបាយ ០២) អាជ្ញាធរបានរកឃើញជនបរទេសស្នាក់នៅចំនួន ២៣នាក់ (ក្នុងនោះមានស្រី ០៣នាក់)។
បច្ចុប្បន្ន ជនបរទេសទាំង ២៣នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ភ្លាមៗដើម្បីធ្វើការសាកសួរ និងអនុវត្តនីតិវិធី។ ជាមួយគ្នានោះ ក្រុមការងារបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាស្របតាមអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
បច្ចុប្បន្ន កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពុងបន្តសកម្មភាពស្រាវជ្រាវ និងត្រួតពិនិត្យយ៉ាងក្តៅគគុកលើទីតាំងសង្ស័យនានា គ្របដណ្តប់ទូទាំង ៧ ក្រុង-ស្រុក ក្នុងខេត្តត្បូងឃ្មុំ ដើម្បីបោសសំអាតបទល្មើសបច្ចេកវិទ្យា (Online Scams), បទល្មើសគ្រឿងញៀន, ក្មេងទំនើង និងល្បែងស៊ីសង ឱ្យអស់ពីទឹកដីខេត្តត្បូងឃ្មុំ មិនឱ្យកើតមានឡើងជាដាច់ខាត៕

