អភិបាលស្រុកពោធិ៍រៀង ដឹកនាំក្រុមការងារចុះពិនិត្យដីបឹងសាធារណៈ និងបឹងទំនប់ថ្មី ដើម្បីពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋាន

ខេត្តព្រៃវែង៖ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោក វ៉ា ធីម អភិបាលនៃគណៈអភិបាលស្រុកពោធិ៍រៀង បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ជាមួយអាជ្ញាធរមូលដ្ឋានភូមិ និងឃុំ ចុះពិនិត្យស្ថានភាពដីបឹងសាធារណៈផ្ទាល់នៅក្នុងភូមិសាស្ត្រឃុំចំនួនពីរ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងរៀបចំផែនការអភិវឌ្ឍន៍ប្រព័ន្ធទឹកសម្រាប់បម្រើដល់វិស័យកសិកម្ម។ ​សកម្មភាពចុះពិនិត្យផ្ទាល់នេះ បានធ្វើឡើងនៅទីតាំងសំខាន់ៗចំនួនពីរ រួមមាន៖

១. ដីបឹងសាធារណៈ ស្ថិតក្នុងឃុំព្រែកតាសរ
២. បឹងទំនប់ថ្មី ស្ថិតក្នុងឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ការចុះពិនិត្យនាឱកាសនេះ គឺដើម្បីវាយតម្លៃពីស្ថានភាពជាក់ស្តែងនៃដីបឹងសាធារណៈ ការពារការទន្ទ្រានកាន់កាប់ខុសច្បាប់ និងស្វែងយល់ពីតម្រូវការក្នុងការស្តារ ឬថែរក្សាប្រភពទឹកធម្មជាតិទាំងនេះ សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអាចទាញយកផលប្រយោជន៍ ក្នុងការបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំផ្សេងៗ។

​ក្នុងដំណើរចុះពិនិត្យនោះដែរ លោក វ៉ា ធីម បានណែនាំដល់អាជ្ញាធរឃុំព្រែកតាសរ និងឃុំកំពង់ឫស្សី ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងដីធ្លី និងប្រភពទឹកសាធារណៈរបស់រដ្ឋ ដោយសហការជិតស្និទ្ធជាមួយមន្ត្រីជំនាញ ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាន និងផលប្រយោជន៍រួមរបស់សហគមន៍ទាំងមូល។

​ទន្ទឹមនឹងនោះ លោកអភិបាលស្រុកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងបម្រើសេវាជូនប្រជាពលរដ្ឋនាពេលកន្លងមក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *