កិច្ចប្រជុំគណៈកម្មការរដ្ឋបាល ដើម្បីពិនិត្យ និងពិភាក្សាលើ ការកំណត់ទំហំខ្សែផ្លូវ អូរ ប្រឡាយ ស្ទឹង និងត្រពាំងបឹងបួរ នៅ ស្រុកពួក ខេត្តសៀមរាប

ខេត្តសៀមរាប:នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោក ហែន ពុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មការរដ្ឋបាល ដើម្បីពិនិត្យ និងពិភាក្សាលើ ការកំណត់ទំហំខ្សែផ្លូវ អូរ ប្រឡាយ ស្ទឹង និងត្រពាំងបឹងបួរ សរុបចំនួន ១៤ភូមិ ស្ថិតនៅក្នុងឃុំរើល ស្រុកពួក ខេត្តសៀមរាប សម្រាប់ធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដោយកិច្ចប្រជុំនេះមានការចូលរួមពីសមាជិក សមាជិកា នៃគណៈកម្មការរដ្ឋបាល។

លោក ហែន ពុទ្ធី ប្រធានអង្គប្រជុំបានធ្វើការណែនាំបន្ថែម ដូចខាងក្រោម៖
១-ស្នើឱ្យគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ស្រុក សហការការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការពន្លឿនការងារដែលនៅសេសសល់ និងការងារបច្ចេកទេសឱ្យបានរួចរាល់ ដើម្បីឈានទៅដល់ការបិទផ្សាយជាសាធារណនូវឯកសារនៃការវិនិច្ឆ័យ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តជូនប្រជាពលរដ្ឋស្របតាមផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បី ឱ្យបានមុនដំណាច់ឆ្នាំ២០២៦ ខាងមុននេះ។
២-ចំពោះខ្សែផ្លូវដែលមានទំហំតូចជាង ៨ម៉ែត្រ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរ អង្គភាពពាក់ព័ន្ធ និងពុំបានតភ្ជាប់ផ្លូវពីឃុំ ទៅឃុំផ្សេងទៀត ក្នុងករណីមានបណ្តឹងតវ៉ាន ក្នុងពេលបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ អង្គប្រជុំស្នើឱ្យអាជាធរភូមិ ឃុំ ស្រុក ត្រូវធ្វើការសម្របសម្រួលជាមួយម្ចាស់ក្បាលដី និងត្រូវឆ្លើយតបជាលាយលាក់អក្សរទៅប្រជាពលរដ្ឋជាម្ចាស់បណ្តឹង ដោយផ្អែកស្មារតីកំណត់ហេតុកិច្ចប្រជុំគណៈកម្មការរដ្ឋបាលថ្នាក់ខេត្ត។
៣-ចំពោះទីតាំងបុរាណដ្ឋាន ស្នើឱ្យរដ្ឋបាលស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក និងអាជ្ញាធរភូមិ ឃុំ ចុះពិនិត្យ ដើម្បីធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័ដំណាល់គ្នាតែម្តង។
៤-រដ្ឋបាលស្រុក ត្រូវសហការជាមួយអាជ្ញាធរភូមិ ឃុំ និងក្រុមការងារវាស់វែងរៀបចំក្បាលដីទាំងឡាយណា ដែលពុំមានផ្លូវចេញចូល ត្រូវសម្របសម្រួលជាមួយម្ចាស់ក្បាលដីទាំងនោះ ដើម្បីធ្វើការរៀបចំជាផ្លូវសេវភាព ដោយមានកំណត់ហេតុ និងកិច្ចសន្យារបស់ម្ចាស់ក្បាលដីពាក់ព័ន្ធ ដោយមានបញ្ជាក់ពីអាជ្ញាធរភូមិ ឃុំ។
៥-រដ្ឋបាលស្រុក ត្រូវពិនិត្យ និងដោះស្រាយនូវបណ្ដឹងតវ៉ាជូនប្រជាពលរដ្ឋស្របតាមនីតិវិធី និងច្បាប់ជាធរមាន ក្នុងពេលបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *