(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសិក្សាថ្មី ១ខ្នង ៣ជាន់ ស្មើ ១៥បន្ទប់ និងអគារបណ្ណាល័យ ១ខ្នង ២ជាន់ ស្មើ ២បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់វិទ្យាល័យ ហ៊ុន សែន ប៉េង ហួត ស្វាយតានាន់ ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦។
បើតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា វិទ្យាល័យ ហ៊ុន សែន ប៉េងហួត ស្វាយតានាន់ មានអគារសិក្សា ចំនួន ៣ខ្នង ស្មើនឹង ២១បន្ទប់ មានបុគ្គលិក លោកគ្រូ អ្នកគ្រូ ចំនួន ៥១នាក់ និងសិស្សានុសិស្ស ចំនួន ១.០៣២នាក់ ស្រី ៥៩២នាក់។
គិតត្រឹមថ្ងៃទី៣០ ឧសភា នេះ សំណង់ថ្មីខាងលើ សម្រេចការកសាងបានប្រមាណ ៤០% ហើយ ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ឆ្នាំ ២០២៦ ខាងមុខ។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ គណៈកម្មការគ្រប់គ្រងសាលា សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់គណៈកម្មការគ្រប់គ្រងសាលា អជ្ញាធរមូលដ្ឋាន ត្រូវសហការឲ្យបានជាប់ជាប្រចាំ ជាមួយក្រុមការងារបច្ចេកទេស សំដៅធ្វើយ៉ាងណាឲ្យសំណង់មួយនេះមានគុណភាពខ្ពស់ ស្រមតាមបទដ្ឋានស្តង់ដារបច្ចេកទេស ដើម្បីប្រើប្រាស់បានគង់វង្សយូរអង្វែង៕

