អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញ ខេត្តពោធិ៍សាត់ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃវត្តមានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ សមាជិកក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តពោធិ៍សាត់សរុប ៧៧៥នាក់។

កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក ដាក់ ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។ ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើង ពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធនធាន ធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានគូសរំលេចថា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការឧបត្ថម្ភគាំទ្រពីរឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល គួបផ្សំនឹងការយកចិត្តទុកដាក់ច្នៃប្រឌិតខ្ពស់របស់រដ្ឋបាលខេត្ត ធ្វើឱ្យខេត្តពោធិ៍សាត់ មានការរីកចម្រើន និងប្រែមុខមាត់យ៉ាងឆាប់រហ័ស រួមទាំងមានការថែទាំបរិស្ថាន អនាម័យល្អទូទាំងខេត្ត តាមរយៈការអប់រំឱ្យប្រជាពលរដ្ឋចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយមានអាជ្ញាធរមូលដ្ឋាន តាមដានត្រួតពិនិត្យជាប្រចាំ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *