ឯកឧត្តម ហាស់ សារ៉េត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការំលែកទុក្ខជូនគ្រួសារសព ៥គ្រួសារ ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្របែក

ខេត្តព្រៃវែង៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្របែក អមដំណើរដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុក និងលោកអភិបាលនៃគណៈអភិបាលស្រុកកំពង់ត្របែក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការំលែកទុក្ខដ៏ក្រៀមក្រំជូនដល់គ្រួសារសពទាំង ៥គ្រួសារ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។

​នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តមប្រធានក្រុមការងារ និងប្រតិភូអមដំណើរ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងបានពាំនាំនូវការសាកសួរសុខទុក្ខ ព្រមទាំងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនចំពោះក្រុមគ្រួសារនៃសព។

​ឯកឧត្តម ហាស់ សារ៉េត បានមានប្រសាសន៍លើកទឹកចិត្តដល់គ្រួសារសព ឱ្យខិតខំទប់ចិត្ត និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តដំណើរជីវិតទៅមុខទៀត ទោះបីជាការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់គឺជាទុក្ខសោកដ៏ធំធេងដែលមិនអាចកាត់ថ្លៃបានក៏ដោយ។

​ដើម្បីជួយសម្រាលការលំបាក និងជាការរួមចំណែកក្នុងពិធីបុណ្យសព ឯកឧត្តមប្រធានក្រុមការងារ បានប្រគល់ថវិការំលែកទុក្ខផ្ទាល់ខ្លួន ព្រមទាំងថវិការបស់ក្រុមការងារ ជូនដល់តំណាងគ្រួសារសពទាំង ៥គ្រួសារផងដែរ។

តំណាងគ្រួសារសពទាំង ៥ ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធាន និងក្រុមការងារទាំងអស់ ដែលបានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួន មកសម្រាលទុក្ខលំបាករបស់ពួកគាត់ក្នុងឱកាសនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *