អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក

(ត្បូងឃ្មុំ): តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ដែលពិធីនេះបានប្រព្រឹត្តទៅនៅភូមិជាំម្លូរ ឃុំរការប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះគឺជាសមិទ្ធផលសេដ្ឋកិច្ចដ៏សំខាន់មួយទៀត ក្នុងការជំរុញខ្សែច្រវាក់ផលិតកម្មកសិ-ឧស្សាហកម្ម និងលើកកម្ពស់តម្លៃបន្ថែមនៃផលិតផលកៅស៊ូធម្មជាតិរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។ សមិទ្ធផលនេះក៏នឹងចូលរួមចំណែកដល់ការលើកកម្ពស់ និងអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម តាមរយៈការផលិតកែច្នៃជ័រកៅស៊ូក្រែបកម្រិតអន្តរជាតិ ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានានៅក្នុងស្រុក។

ការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ​ (ខេមបូឌា)​ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន​ Mainland Group កំពុងឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនឆាប់រហ័ស ព្រមទាំងបង្ហាញពីទំនុកចិត្ត​ និងភាពជឿជាក់របស់វិនិយោគិនទាំងខ្មែរ និងបរទេសមកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា។

ការបោះទុនវិនិយោគរបស់ក្រុមហ៊ុន គឺបានបង្កើនសមត្ថភាពនៃការផលិតកៅស៊ូនៅកម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់នៃការលើកកម្ពស់វិស័យដំណាំកៅស៊ូនៅកម្ពុជា ជាពិសេសបានបង្កើត និងផ្តល់ការងារជូនដល់ប្រជាជនកម្ពុជាដោយផ្ទាល់នៅរោងចក្រចំនួនប្រមាណ​ ៣០០កន្លែង និងប្រយោល (អ្នកចៀរជ័រកៅស៊ូ)​ ប្រមាណជាង ៥ម៉ឺនកន្លែងបន្ថែម ក៏ដូចជាចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *