ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ នៅខេត្តព្រៃវែង

ព្រៃវែង: នាព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី «បទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ»។

​កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ព្រមទាំងតំណាងមកពីក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសមាជិកនៃលេខាធិការដ្ឋាន រួមជាមួយមន្ត្រីមកពីមន្ទីរធនធានទឹក និងឧតុនិយម មន្ទីររ៉ែ និងថាមពល មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរបរិស្ថាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងតំណាងក្រុមហ៊ុនដែលទទួលអាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

​ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងផ្តោតសំខាន់លើទិដ្ឋភាពសេដ្ឋកិច្ច-សង្គម និងបរិស្ថាន ជូនដល់បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធថ្នាក់ក្រោមជាតិ ដែលបំពេញការងារទាក់ទងនឹងការគ្រប់គ្រងធនធានខ្សាច់ និងបណ្តាក្រុមហ៊ុន-សហគ្រាស ដែលប្រកបអាជីវកម្មខ្សាច់ ឱ្យមានការទទួលខុសត្រូវរួមគ្នា និងបង្កើនកិច្ចសហការជិតស្និទ្ធ ធ្វើយ៉ាងណាឱ្យការធ្វើអាជីវកម្មខ្សាច់អនុវត្តទៅត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធានាបាននូវនិរន្តរភាព និងកាត់បន្ថយនូវភាពអនាធិបតេយ្យឱ្យបានជាអតិបរមា។

​ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធថ្នាក់ក្រោមជាតិ និងបណ្តាក្រុមហ៊ុន-សហគ្រាសទាំងអស់ ត្រូវរួមគ្នាចូលរួមសហការ និងគោរពអនុវត្តតាមបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តជាធរមាន ក្នុងការធ្វើអាជីវកម្មខ្សាច់ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *