(ភ្នំពេញ) : នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្រីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ប្រមាណជាង៤,៣៤៤នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីសំណេះសំណាល ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសជូនដល់ជនរួមជាតិទាក់ទងទៅនឹងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺនៅតែជាកិច្ចការចាំបាច់សម្រាប់ប្រទេសកម្ពុជា។ សម្ដេចបានបញ្ជាក់ថា ការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះត្រូវធ្វើឡើងទន្ទឹមគ្នារវាងការបោសសម្អាតក្រុមឆបោក និងមន្ត្រីដែលពាក់ព័ន្ធនឹងរឿងនេះ។ វិធានការចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យានេះ សម្តេចបានស្នើដាក់ចេញជា២កម្រិត ដោយកម្រិតទី១ គឺអ្នកដែលជាប់ពាក់ព័ន្ធនោះ មិនត្រឹមតែដកតំណែងនោះទេ គឺត្រូវចោទប្រកាន់តាមផ្លូវតុលាការទៀត និងត្រូវបង្កកទ្រព្យសម្បត្តិរបស់ពួកគេថែមទៀត និងកម្រិតទី២ គឺត្រូវដកចេញពីតំណែង សម្រាប់អ្នកមិនព្រមអនុវត្តការងារបោសសម្អាត Online Scam។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បើអភិបាលខេត្ត, អភិបាលស្រុក ណាដែលមិនចូលរួមក្នុងការអនុវត្តអំពើឆបោកតាមអនឡាញនេះ គឺស្នើឱ្យដកចេញពីតំណែង ហើយគ្មានការយោគយល់នោះទេ កុំថាឡើយកូនមេដឹកនាំមានគុណសម្បត្តិចំពោះជាតិ កុំនិយាយថាបានប្រឹងប្រែងធ្វើការ និងកសាងស្នាដៃចំពោះជាតិមាតុភូមិ គឺមិនមានការយោគយល់ឡើយ។ កម្ពុជាត្រូវតែធ្វើឱ្យពិភពលោកបានឃើញនូវឆន្ទៈក្នុងការបោសសម្អាតទង្វើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំចៅហ្វាយខេត្ត មេប៉េអឹម មេប៉ូលិស ទាំងឡាយណាត្រូវពិនិត្យមើលលើការងារនេះ។ ជាមួយគ្នានោះ សម្តេចតេជោក៏បានបង្ហើបឱ្យដឹងទៀតថា នៅខេត្តរតនគិរី ក៏កំពុងមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ ហើយសម្តេចបានផ្តាំទៅអភិបាលខេត្តរតនគិរី និងអភិបាលខេត្តមណ្ឌលគិរី មេនគរបាល និងមេកងរាជអាវុធហត្ថដែលទើបតែងតាំងថ្មី ឱ្យចាត់វិធានការតឹងរឹងបំផុតលើជម្រកក្រុមឆបោកតាមបច្ចេកវិទ្យានេះ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍គាំទ្ររាជរដ្ឋាភិបាលដែលឲ្យកងទ័ព និងនគរបាលទាំងអស់ បើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារ ដែលនេះបង្ហាញពីល្បឿននៃកំណែទម្រង់រដ្ឋ និងក៏ឲ្យប្រាកដពីចំនួនច្បាស់លាស់ មិនត្រូវបានបាត់បង់។ សម្តេចតេជោ បានបន្តរំលឹកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធជនពលី ពិការ និងគ្រួសារអតីតយុទ្ធជន។ សម្តេចបន្តថា ក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូបដែរនោះ សម្តេចបានយល់ច្បាស់ពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិ និងទឹកដី។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀននិងបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញទាំងអស់ត្រូវចូលរួមសម្រេចឲ្យបាននូវភាពជោគជ័យ នៃកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង(ហ្វ្រង់កូហ្វូនី) នៅពេលខាងមុខ ដោយកម្ពុជាយើងត្រូវធ្វើជាម្ចាស់ផ្ទះ ជាពិសេសរាជធានីភ្នំពេញត្រូវទទួលរៀបចំនូវកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ៕

