ឯកឧត្ដម ម៉ែន សាម៉ន អញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ ប្រចាំខែ ឧសភា របស់មន្ទីរព័ត៌មានខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែឧសភា ព្រមទាំងលើកទិសដៅការងារបន្តសម្រាប់ខែមិថុនា ក្រោមអធិបតីភាព ឯកឧត្ដម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទូលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យចំណុះ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តទាំងមូល។

​នៅក្នុងកិច្ចប្រជុំនោះ លោក លោកស្រីប្រធានការិយាល័យ បានលើកឡើងអំពីរបាយការណ៍បូកសរុបលទ្ធផលការងារដែលការិយាល័យនីមួយៗសម្រេចបានក្នុងខែឧសភា កន្លងមក។
​ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ម៉ែន សាម៉ន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរព័ត៌មានខេត្តព្រៃវែង ដែលបានបំពេញភារកិច្ចស្នូលរបស់ខ្លួនយ៉ាងសកម្ម នាពេលកន្លងមក។

ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងថែមទៀត ឯកឧត្ដម អនុរដ្ឋលេខាធិការ បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
​១. មន្ត្រីព័ត៌មានទាំងអស់ត្រូវបន្តពង្រឹងសមត្ថភាពក្នុងការសរសេរអត្ថបទ ថតរូបភាព និងវីដេអូ ដើម្បីផ្តល់ព័ត៌មានដែល មានប្រភពច្បាស់លាស់ ត្រឹមត្រូវ លឿនរហ័ស និងមានខ្លឹមសារខ្លីខ្លឹម ដល់សាធារណជន។
​២. ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ (Fake News)៖ ត្រូវយកចិត្តទុកដាក់តាមដានព័ត៌មាននានាតាមបណ្តាញសង្គម ដើម្បីធ្វើការបដិសេធ ឬកែតម្រូវឱ្យបានទាន់ពេលវេលា រាល់ព័ត៌មានមិនពិត ដែលមានចេតនាបំពុលសង្គម ឬធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត។
​៣. ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ និងសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីសម្រេចបាននូវភារកិច្ចដែលក្រសួងព័ត៌មាន ក៏ដូចជារដ្ឋបាលខេត្តប្រគល់ជូន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *